ច័ន្ទី សូមស្វាគមន៍

 

សីលធម៌

ដោយ ​សង្កេត​ឃើញ​ថា​ ក្នុង​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន​ ការ​ធ្វើ​គារវកិច្ច​គោរព​គ្នា​ទៅ​វិញ​ទៅមក​​ បាន​ប្រាស​ចាក​ពី​គុណ​ធម៌​ គុណ​តម្លៃ​ និង​របៀប​បែប​បទ​​ដ៏​ល្អ​ផូរ​ផង់​​ របស់​ដូន​តា​ខ្មែរ ទើប​ខ្ញុំ​លើក​យក​របៀបសំពះ​ខ្មែរមក​ចុះ​ផ្សាយនៅ​ទីនេះ ដោយ​សង្ឃឹម​ថាកូន​ខ្មែរ​គ្រប់​រូបនឹង​ពេញចិត្ត​ ហើយ​យក​ទៅ​អនុវត្ត​តាម។

សំពះខ្មែរ SAMPEAH

ខ្មែរ​លើក​ដៃ​សំពះ ដោយ​លើក​ដៃ​ទាំង​ពីរ ផ្គុំ​គ្នាជា​រាង​ក្រពុំ​ឈូក ដោយ​សារ​ប្រជា​ជន​ខ្មែរ​ គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា។

The Khmer show of salutation or mutual recognition is to raise both hands, join palm to palm, like the lotus.

សំពះ​កម្ពស់​ត្រឹម​ដើម​ទ្រូង​ CHEST

មនុស្ស​ដែល​មាន​វ័យ​ ឬ​បុណ្យ​សក្តិ​ស្មើ​គ្នា ឬ​ជា​មិត្តភក្តិ​ គេគប្បី​លើក​ដៃ​សំពះ​គ្នាទៅវិញ​ទៅមក​ ដោយ​ដាក់​ដៃ​ត្រឹម​ដើម​ទ្រូង។

People of the equal age or friend or rank ought to respect each other by placing the budding lotus hands at the chest.


សំពះកម្ពស់​ត្រឹម​មាត់ MOUTH

អ្នក ​ដែល​មាន​ឋានៈ​តូច​ ឬ​អាយុ​តិច សំពះ​អ្នក​ដែល​មានឋានៈខ្ពស់​ ឬអ្នក​មានអាយុ ច្រើន​ជាង​ គប្បី​លើក​ដៃ​ប្រណមដោយ​ចុង​ម្រាម​នៅ​​ត្រឹម​មាត់​ ឯ​អ្នក​ដែល​មាន​​​​ឋានៈ​ខ្ពស់​ឬអា​យុ​ច្រើន ត្រូវ​សំពះ​តប​វិញ​ដោយ​ប្រណម​ដៃ​កម្ពស់​ដើម​ទ្រូង។

A younger person or lower in rank ought to respect an older person or higher in rank by placing the budding lotus hands at the mouth.



សំពះ​កម្ពស់​ត្រឹម​ចុង​ច្រមុះ NOSE

កូន​សំពះ​ឪពុក​ម្តាយ ចៅសំពះ​យាយ សិស្សសំពះគ្រូ គប្បី​លើក​ដៃ​ឡើង ហើយ​ដាក់​ម្រាម​ដៃ​ត្រឹម​ចុង​ច្រមុះ។

Children and grandchildren or students to respect their parents and grandparents or teacher by placing the budding lotus hands at the nose.

សំពះ​កម្ពស់​ចិញ្ចើម EYEBROW

សម្រាប់​ថ្វាយបង្គុំ​ព្រះ​សង្ឃ វត្ថុ​សក្តិ​សិទ្ធ​ ថ្វាយ​បង្គុំ​ព្រះ​មហាក្សត្រ​។



របៀបថ្វាយបង្គំព្រះសង្ឃ ​ឬពុទ្ធបដិមា

របៀបថ្វាយបង្គំព្រះសង្ឃ ​ឬពុទ្ធបដិមា

 

ខ្លឹមសារ​សង្ខេប

1.      កម្ពស់​ដើម​ទ្រូងៈ សម្រាប់​វ័យ​ ឋានៈ​ស្មើ​គ្នា ឬមិត្តភក្តិ

2.      កម្ពស់​មាត់ៈ វ័យ​ចាស់​ជាង ឋានៈធំជាង​ ឬ​ចៅហ្វាយ

3.      កម្ពស់​ច្រមុះ: មាតាបិតាជីដូន​ជីតា ឬគ្រូ​បាអាចារ្យ

4.      កម្ពស់​ចិញ្ចើមៈ ព្រះ​មហាក្សត្រ ព្រះសង្ឃ​ឬវត្ថុ​សក្តិ​សិទ្ធ

5.      កម្ពស់​ចិញ្ចើម​ឡើង​លើៈ ទេវតា​ ព្រះ​ឥន្ទ​ព្រះព្រហ្ម ឬបួង​សួង។

កាយ​វិការ​សំពះ​របស់​ខ្មែរ​ដែល​ទទួល​ការ​អបរំ​ណែនាំ​បន្ត​ពី​បុព្វ​បុរស​របស់​យើង​ តរៀង​មក​មាន​​ដូច​ត​ទៅ ៖

 

ដៃ​បន្ទូល “កូន ​លើក​ដៃ​បន្ទូល​បួង​សួង​ទៅ!” គឺ ​កំណត់​យក​មេដៃ​ទាំង​ពីរ​ខាង​ផ្គុំ​ដោយ​យក​មេដៃ​នោះ​ដាក់​ពី​ត្រឹម​ប្រជុំ​ ចិញ្ចើម​ឡើង​ទៅ​លើ ។ បាន​សេចក្ដី​ថា នេះ​ជា​ការ​អទិដ្ឋាន​បួង​សួង​សំបូង​សំរូង ប្រកាស​ពាក្យ​បណ្ដឹង​ចំពោះ​វត្ថុ​ស័ក្ដិ​សិទ្ធិ អារុក្ខ​អារក្ខ​ អ្នក​តា ទេវតា ព្រះឥន្រ្ទ ព្រះ​ព្រហ្ម ។ ពិសេស​រំឭក​ដល់​គុណ​ព្រះ​រតន​ត្រៃ​ជា​គុណ​កែវ​ទាំង​បី មាន​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ និង​វត្ថុ​ជា​ទីសក្ការ​បូ​ជា ដែល​គេ​មាន​ជំនឿ​ថា​មាន​បារមី មាន​មហិទ្ធិរិទ្ធ​បំផុត ។

 

ដៃ​បង្គំ “កូន ​លើក​ដៃ​ថ្វាយ​បង្គុះ​ទៅ! លោក​ជា​អ្នក​មាន​គុណ​លើ​យើង” គឺ ​កំណត់​យក​មេដៃ​ទាំង​ពីរ​ផ្គំ​ចូល​គ្នា រួច​យក​មេ​ដៃ​ទាំង​ពីរ​ដាក់​លើ​ចុង​ច្រមុះ​ឡើង​ទៅ​ត្រឹម​ប្រជុំ​ចិញ្ចើម ។ ដៃ​បង្គំ​នេះ​មាន​ន័យ​ថា​គោរព​ចំពោះ​អ្នក​មាន​គុណ ដែល​បាន​ផ្ដល់​កំណើត ផ្ដល់​សេចក្ដី​សុខ ផ្ដល់​ចំណេះ​ដឹង គឺ​អ្នក​ដែល​ជួយ​ទំនុក​បំរុងចិញ្ចឹម​បី​បាច់ ផ្ដល់​ម្លប់​ជ្រក​កោណ មាន​មាតា​បីតា អ្នក​អាណាព្យាបាល ជីដូន​ជីតា ព្រះ​សង្ឃ គ្រូបាធ្យាយន៍ ព្រះ​មហា​ក្សត្រ​ដែល​ជា​ម្លប់​ដ៏​ត្រ​ជាក់ ។

ដៃ​សំពះ “កូន ​សំពះ​លោក​អ៊ំ​ទៅ!” កាយ ​វិការ​នេះ​លោក​ឳពុក អ្នក​ម្ដាយ ច្រើន​ប្រើ​ពាក្យ​សាមញ្ញ​ដែល​មាន​ន័យ​ដូច​សំពះ​ដែរ​នោះ​គឺ សាធុ ឬ ពន ដោយ​ណែ​នាំ​កូន​តូច​ៗ​ឲ្យ​ចេះ​គួរ​សម ដូច​ជា “សាធុ​លោក យាយ​ទៅ​កូន!” ឬ “ពន​លោក​តា​ដល់​ច្រមុះ​ទៅ​កូន!” ។ ការ​សំពះ​នេះគេ​យក​មេដៃ​ផ្គុំ​ហើយ​ដាក់​ត្រឹម​ចន្លោះ​ពី​ចង្កា​ឡើង​ទៅ​ដល់​ ក្រោម​ចុង​ច្រមុះ ។ ដៃ​សំពះ​នេះ​មាន​ន័យ​គោរព ចំពោះ​ទំនាក់​ទំនង ប្រាស្រ័យ​​ការ​ទាំង​ឡាយ មាន​ចៅហ្វាយ​នាយ អ្នក​មាន​បណ្ដាស័ក្ដិ​ខ្ពស់ ឬ វ័យ​ចំណាស់​ជាង ឬ ញាតិ​មិត្ត ។ ដៃ​សំពះ​នេះ​យើង​សង្កេត​ឃើញ​ជា​ទូទៅ ការ​សំពះ​ជម្រាប​សួរ ឬ ជម្រាប​លា​គ្នា នោះ​ច្រើន​ប្រកប​ដោយ​ទឹក​មុខ​ញញឹម ស្វាគមន៍​រាក់​ទាក់ ។

ដៃ​ខមាល​ទោស “កូន ​ខុស​ហើយ! ចូរ​កូន​សុំ​ទោស​លោក​ឳពុក​ភ្លាម​ទៅ” ។ របៀប​សុំ​ខមាទោស​នេះ គេ​ច្រើន​យក​មេដៃ​ផ្គុំ​គ្នា​ហើយ​លើក​ដៃ​ដាក់​លើ​ដើម​ទ្រូង ឡើង​ទៅ​ត្រឹម​ក្រោម​ចង្កា ។ កាយ​វិការ​នេះ​គឺ​បញ្ជាក់​ពី​ផ្លូវ​ចិត្ត​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​ក្នុង ​ករណី​ដែល​ធ្វើ​មិន​សម​រម្យ​ដោយ​ហ៊ាន​សរភាព​ចំពោះ​ទទង្វើ​មិន​គប្បី និង​ជា​កាយ​វិការ​សំដែង​នូវ​ការ​ស្វគមន៍​ផង​ដែរ ។

ដៃ​ប្រណម្យ ឬ បឋម​ខ្នាត ខ្នាត ​ដៃ​នេះ​គឺ​ត្រូវ​ផ្គុំ​មេដៃ​ទាំង​ពីរ​ដាក់​ចំ​ចុង​ដង្ហើម ។ លក្ខណៈ​នេះ គឺ​ជា​ការ​សង្រួម​ប្រមូល​អារម្មណ៍ ស្មឹង​ស្មាធិ័ សមាធិ ដោយ​ផ្ដោត​ចិត្ត និង អារម្មណ៍​មិន​ខ្វល់​ខ្វាយ និង គ្មាន​សៅហ្មង​អ្វី​ឡើយ ។ បឋម​ខ្នាត​នេះ​យើង​តែង​សង្កេត​ឃើញ​រូប​ចម្លាក់​ស្រីម្នាក់​អង្គុយ​លុត​ ជង្គង់​ហើយ​លើក​ដៃ​ប្រណម្យ​ដែល​ខ្មែរ​តែង​ហៅ​ថា “ទេព​ប្រណម្យ”

សុជីវធម៌

នៅតាមវត្តអារាម

វត្តអារាមជាកន្លែងសក្ការៈបូជា, ជាទីគោរព, យើងមិនត្រូវសំដែងកិរិយាមិនគប្បីសោះឡើយ, អ្នកជិះកង់, ម៉ូតូ, ទោចក្រយានយន្តគ្រប់ធុនត្រូវឈប់បណ្តើរចូល ទៅក្នុងវត្តដោយគោរពព្រោះមិនឆាប់លឿនឬយូរជាងគ្នាប៉ុន្មានឡើយចំងាយប៉ុណ្ណឹង។ អ្នកពាក់មួក, ទទូរក្រមា, កន្សែងត្រូវដោះចេញពីក្បាលនៅពេលដើរចូលក្នុងវត្ត។ មិនត្រូវនាំគ្នាជជែកឡូឡាក្នុងទីអារាមឡើយ។

នារីជាឧបាសិកាត្រូវសង្រួមឫកពារឱ្យនឹងធឹងមុននឹងចូលទៅកាន់វត្តអារាម, កុំធ្វើភ្នែកក្រឡិបក្រឡាប់, កុំរហ័សភ្នែក, កុំងាកឆ្វេងស្តាំរាប់រយផងពេក, កុំញញឹមញញែមកខិបកខុបពេក, គួរមើលចាស់ទុំផង។ កុំពោលពាក្យអាវាសែនៅទីវត្តអារាម។ កុំស្លៀកខោជើងកំប៉ុងជំនៅពាក់កណ្តាលស្មង, កុំស្លៀកសំពត់តឹងរបៀបខ្លីចូលទៅបត់ជើងថ្វាយបង្គំព្រះពុទ្ធបដិមាករឬព្រះសង្ឃ។ ត្រូវពាក់អាវកតូចហើយចងពានាក្រមាទៀតផងទើបពេញលក្ខណៈជាអ្នកចូលវត្ត។ កុំនិយាយចំអែចំអន់ព្រះសង្ឃ ដោយប្រការមិនគប្បី។ កុំពាក់គ្រឿងសំរើប។

បុរសជាឧបាសកត្រូវប្រើពាក្យសំដីឱ្យសមរម្យគោរពព្រះសង្ឃដែលស្មោះត្រង់ចំពោះព្រះពុទ្ធសាសនា។ ពេលថ្វាយបង្គំព្រះពុទ្ធបដិមាករឬព្រះសង្ឃត្រូវងាកទៅព្រះពុទ្ធបដិមាករឬព្រះសង្ឃកុំថ្វាយបង្គំតិតតូងហើយក្បាលងាកមកចចារជាមួយអ្នកឯណាមួយទៀតឱ្យសោះ ព្រោះការធ្វើដូច្នេះនាំឱ្យសៅហ្មងដល់អ្នកដែលគេគោរពបូជាព្រះពុទ្ធសាសនា។ កុំឈោងដៃ ឬតោងសណ្តោងយកអ្វីរំលងលើព្រះពុទ្ធបដិមាករឱ្យសោះ។

អ្នកដែលចូលទៅកាន់ទីវត្តអារាមមិនត្រូវលួចយករបស់អ្វីជាទ្រព្យដែលពុទ្ធសាសនិកជនខំរៃគ្នាទុកសំរាប់វត្តមកធ្វើជាទ្រព្យផ្ទាល់ខ្លួនទេ។ អ្នកមិនមែនជាពុទ្ធសាសនិកជនមិនត្រូវប្រមាថមើលងាយវត្ថុពុទ្ធបូជាឬព្រះសង្ឃដែលស្មោះត្រង់ដោយប្រការណាមួយទេ។ អ្នកដែលប្រព្រឹត្តិខុសនឹងបញ្ញតិព្រះពុទ្ធមិនមែនមានឈ្មោះថា អ្នកគាំទ្រព្រះពុទ្ធសាសនានោះទេ ក្នុងករណីដែលបន្លំរបៀបណាមួយស្រេចនៅលើសំពាយបុណ្យបាបរបស់គេទៅចុះ។

យើងជាពុទ្ធសាសនិកជន ក៏មិនគប្បីត្មះតិដៀលដល់សាសនាណាមួយ ដោយរំលោភលើព្រះវិហារនៃសាសនាផ្សេងៗនោះទេ ព្រោះគេមានសិទ្ធគ្រប់គ្រាន់ខាងជំនឿ។

 

ដំណើរជីវិត

ដំណើរជីវិតផ្ទាំងជីវិតគឺជាជញ្ជាំងផ្ទះមួយដែលគ្មានដំបូលហើយគ្មានកំពស់ពិតប្រាកដផង។ មនុស្សម្នាក់ៗប្រៀបបាននឹងជាងសង់ផ្ទះដែលរៀបជញ្ជាំងក្នុងមួយថ្ងៃឥដ្ឋមួយួដុំ។

ជីវិតចេះតែធ្វើដំណើរទៅមុខរីឯជញ្ជាំងផ្ទះចេះតែខ្ពស់ឡើងទៅលើដែរ។ នៅពេលដែលគេឡើងទៅដល់ខ្ពស់ទើបមនសិកាសីលធម៌និងការចេះដឹងរបស់គេបើកទស្សនវិស័យទៅរកទុទិដ្ឋិនិយម ឬសុទិដ្ឋិនិយមតាមទស្សនៈរៀងៗខ្លួន។

 

កាលបើគេត្រាច់ចរតាមស្នាមដានជីវិតដល់កំផែងខ្ពស់ហើយ គេមិនត្រូវសំងំក្រាបក្បាលយកសុខតែម្នាក់ឯង ធ្វើគរ ធ្វើថ្លង់ បិទប្រស្រីភ្នែក មិនសំលឹងមកមើលអ្វីៗខាងក្រោមនោះទេ។ ការពិសោធន៍ដ៏យូរអង្វែងតាមស្នាមជឹបជុលប៉ះព័ទ្ធលើគន្លងផ្ទាំងជីវិតបានធ្វើឱ្យមនុស្សមានស្មារតីរឹងប៉ឹងមោះមុតតស៊ូនិងក្លាហាន។ ឡើងដល់ទីខ្ពស់នោះគេនឹងងាកមកក្រោមឃើញឈូងសមុទ្រកម្មពៀរ, កោះសប្បាយ, ភ្នំភ្លើងនៃការជំលោះចាក់ដោត, ទីវាលវិយោគសោកសង្រេង, គុម្ពោតព្រៃសុទ្ធសាធ, ព្រៃស្បាតបន្លាមួហ្មង, ត្រពាំងទឹកភ្នែក, ថ្លុកស្តាយក្រោយ, ព្រែកបុណ្យស្ទឹងបាប, ខ្ពង់រាបរមណីនិងផែនដីសណ្តរនៃទន្លេស្នេហា។ កាលបើគេឡើងឱ្យខ្ពស់ៗទៅទៀតគេនឹងចោលនេត្រាបានឆ្ងាយជាងនេះ ហើយគេនឹងឃើញភ្នំធំៗឯនាយឆ្ងាយសន្លឹមមានជួរវែងៗជាប់គ្នាដែលនៅពីក្រោយភ្នំនោះ គេនឹងឃើញមាន

អាថ៌កំបាំងគួរឱ្យព្រឺក្បាលមិនខាន។ តើយើងធ្វើដូចម្តេចទើបមើលឃើញអាថ៌កំបាំងនៅខាងក្រោយភ្នំទាំងនោះ? តើនរណាអាចឆ្លើយត្រូវថាអាថ៌កំបាំងនោះមានអ្វីខ្លះ?តើជួរភ្នំព្រំប្រទល់ដែនផ្នែកនោះមានឈ្មោះជាអ្វីទៅវិញ?កាលបើគ្មាននរណាដឹងឬការដឹងនោះមិនសូវមានតំលៃសំរាប់យើងនាទីសុជីវធម៌របស់យើងតម្រូវឱ្យយើងរង់ចាំ ជញ្ជាំងរបស់យើងផ្ទាល់សង់ដល់កំពស់ដែលមិនអាចមើលឃើញហើយថាត្រូវពិតប្រាកដនោះចុះ។

ត្រដោកកម្មដែលព្យួរជាប់នៅនឹងកមនុស្សគ្រប់រូប, ជួនក៏ជំរុញឱ្យសង់ជញ្ជាំងបានខ្ពស់ ជួនក៏សង់បានទាប ហើយទីបំផុតក្រោលផ្ទុក ជីវិតដែលយើងមិនដឹងនៅទីណា បានចុចកណ្តឹងរោទិ៍ហៅឱ្យជីវិតវិលទៅទីនោះវិញ ដោយទុកឱ្យរូបកាយទៅជាចំណីនៃអគ្គី ឬសត្វធាតុនានា។ អ្វីទៅជីវិតនេះ?

 

ការទស្សនៈកិច្ច នៅទីកន្លេងផ្សេងៗ

ទស្សនកិច្ចយើងជាភ្ញៀវសមរម្យដែលចង់ទៅលេងផ្ទះគេ ត្រូវប្រាប់ដំណឹង ឬជូនប័ណ្ណបញ្ជាក់សេចក្តីទៅម្ចាស់ផ្ទះជាមុន។ ភ្ញៀវអ្នកមានរបៀបរបប  មិនទៅលេងផ្ទះគេ ដោយមិនបានប្រាប់គេជាមុននោះឡើយ។ នៅក្នុងប័ណ្ណដែលជំរាបថាសុំមកលោងផ្ទះគេ, យើងជាភ្ញៀវត្រូវសរសេរថ្ងៃ,ខែ, ឆ្នាំ, ម៉ោង និងចំនួនមនុស្សដែលសុំមកលេងនោះឱ្យបានប្រាកដប្រជា។ បើយើងទៅលេងផ្ទះគេ យើងមិនត្រូវធ្វើគំនិតមារយាទដូចយើងធ្លាប់ពោលថា “ផ្ទះអ្នក ផ្ទះលោក ក៏ដូចជាផ្ទះខ្ញុំ” នោះទេ។ កុំធ្វើឱ្យអ្នកផ្ទះមានការធុញទ្រាន់ ឬអៀនអន់ព្រោះតែទស្សនកិច្ចរបស់យើងឱ្យសោះ។

 

បើយើងទៅសួរសុខទុក្ខគេនៅពេលដែលគេមានទុក្ខ ដូចមានបុគ្គលមរណៈនៅលើផ្ទះ យើងមិនត្រូវញញឹមញញែមបញ្ចោញសម្ផស្ស, ពាក់គ្រឿងអលង្ការ, ផាមួង, ហូលព្រែល្បើក, ខ្សែសយនោះឡើយ យើងត្រូវរៀបចំជាអ្នកជួយរំលែកទុក្ខពីអ្នកផ្ទះ យើងគួរចេះលួងលោមក្មេងក្មាងដែលយំសោកមិនឈប់ ដោយពាក្យប្រៀនប្រដៅផ្សេងៗ ឱ្យគ្នាបានស្រាកស្រានបាត់ទុក្ខសោកនេះ។ យើងត្រូវជួយឈឺឆ្អាលដល់ជនរងគ្រោះ។

 

បើយើងទៅលេងផ្ទះដូនតាចាស់ៗ ហើយយើងចង់ទិញនំនែកអ្វីផ្ញើ យើងមិនត្រូវរើសចំណីណាដែលរឹងហួសប្រមាណ នៅពេលដែលគាត់បាក់ធ្មេញអស់នោះទេ គឺមិនត្រូវទិញអំពៅ, គ្រលីងឈូក ជាដើមឡើយ។ បើយើងទៅសាកសួរអ្នកជំងឺនៅមន្ទីរពេទ្យ ឬនៅទីផ្ទះ យើងមិនត្រូវឮមាត់ឡូឡាសាកសួរពីនាយមកទេ ជាពិសេសយើងមិនត្រូវទៅរុកគួនដេញដោលអ្នកជំងឺល្ហិតល្ហៃនោះច្រើនទេ បើចង់ដឹងការអ្វី ត្រូវសាកសួរគ្រូពេទ្យ គិលានុបដ្ឋាកយិកា ឬអ្នកថែជំងឺ។

 

បើមានការអ្វីចង់ជួបជាបន្ទាន់ជាមួយម្ចាស់ផ្ទះ យើងត្រូវសុំអភ័យទោសពីគេជាមុន បើម្ចាស់ផ្ទះមិនទាន់ចេញមកទទួលទេ យើងជាភ្ញៀវត្រូវឈរចាំទទួលម្ចាស់ផ្ទះ មិនត្រូវដើរទៅអង្គុយនៅកន្លែងគួរសមសំរាប់ខ្លួនទេ, បើម្ចាស់ផ្ទះឱ្យមនុស្សមកប្រាប់ថា ឱ្យចាំមួយភ្លែត យើងជាភ្ញៀវមិនត្រូវដើរទៅផ្សារសិន ឬទៅទីណាសិនទេ យើងត្រូវអង្គុយចាំអ្នកផ្ទះតាមពាក្យដែលមនុស្សអ្នកនាំដំណឹងនោះអញ្ជើញឱ្យអង្គុយកន្លែងសមគួរ។

ពេលគេឱ្យយើងអង្គុយចាំ យើងមិនត្រូវដើរទៅឈ្ងោកមើលរបស់របរនៅក្នុងទូកញ្ចក់របស់គេ ឬរូបថតនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គេទេ។ យើងត្រូវអង្គុយចាំដោយរម្យទម ទោះបីផ្ទះដែលយើងទៅលេងនោះ នៅស្រុកស្រែចំការក៏ដោយ ក៏យើងមិនត្រូវដើរទៅខ្វេះខ្វាចរបស់របរ ដូចជា បេះផ្លែត្របែក, ពុទ្រា, កន្ទួតរបស់ម្ចាស់ផ្ទះដែរ។ ម៉្យាងទៀតភ្ញៀវដែលមានរបប គេមិនជុះនោមច្រាសដើមផ្កាឬដើមឈើណានៅខាងមុខផ្ទះគេទេ។ យើងត្រូវមានការខ្មាស់អៀនចំពោះភ្នែកអ្នកផងដែលសំលឹងមកចំ។

 

តើម្ចាស់ផ្ទះត្រូវទទួលភ្ញៀរបៀបណាខ្លះ? ម្ចាស់ផ្ទះមិនត្រូវដំអក់ដកកចេញពីគ្រែស្រែកសួរថា “នរណារកអី?” “មានការអី?” គ្មាននរណានៅទេ” នោះឡើយ?

បើភ្ញៀវដែលមិនបានឱ្យដំណឹងជាមុននោះ បានជាមកដល់ផ្ទះរបស់យើងទៅហើយ យើងត្រូវមានសុជីវធម៌ក្នុងឋានៈជាម្ចាស់ផ្ទះ ហើយត្រូវគិតថាភ្ញៀវរបស់ប្តី, របស់កូន, របស់កូនប្រសារថាជាភ្ញៀវរបស់ខ្លួនផ្ទាល់។ នៅពេលភ្ញៀវអញ្ជើញមកដល់ នៅពេលសំពះសួរតបជាមួយភ្ញៀវរួចហើយ យើងជាម្ចាស់ផ្ទះគួរអញ្ជើញភ្ញៀវឱ្យពិសារទឹក ដែលយើងជាម្ចាស់ផ្ទះបានរៀបចំទុកទទួលភ្ញៀវរួចជាស្រេចហើយ។ នៅវេលាថ្ងៃត្រង់ ឬថ្ងៃរសៀលបន្តិច គេអាចទទួលភ្ញៀវដោយទឹកក្រូច, ទឹកម៉ូលីណាត់, ស៊ីរ៉ូទឹកកក, ទឹកតែ, កាហ្វេ, ភេសជ្ជៈផ្សេងៗ, នំធ្វើអំពីម្សៅ ឬនំប្រអប់ផ្សេងៗក៏បាន។ ចាប់តាំងពីម៉ោង៦ល្ងាចទៅ គេអាចទទួលភេសជ្ជៈខ្លះ ដូចជាកាហ្វេ, ទឹកតែជាដើម។

របៀបទទួលភ្លៀវ

យុវភរិយាទាំងឡាយ តែងទទួលការចេះដឹងខ្លះៗហើយពីរបៀបទទួលភ្ញៀវនៅប្រទេសយើង។ ដើម្បីធ្វើឱ្យភ្ញៀវរបស់អ្នកនាងមានភាពសប្បាយរីករាយហើយសរសើរអំពីអ្នកនាង អ្នកនាងគួរប្រកាន់ឥរិយាបថជាអ្នកថ្លៃថ្នូរគ្រប់ពេលវេលាទាំងអស់។

កាលបើអ្នកនាង និងស្វាមីអ្នកនាងស្រុះស្រួលចិត្តគ្នាអញ្ជើញភ្ញៀវឱ្យមកពិសារភោជនាហារកំសាន្តនៅក្នុងផ្ទះរបស់អ្នកនាង អ្នកនាងជាម្ចាស់ផ្ទះដ៏ចំណាន ត្រូវមានកូនសៀវភៅមួយតូច សំរាប់កត់សេចក្តីផ្សេងៗ ព្រោះភាពរវល់របស់អ្នកនាងអាចបណ្តាលឱ្យអ្នកនាងភ្លេចបំណងដែលគិតពីពេលមុនថា នឹងរៀបធ្វើអ្វីៗខ្លះ។

នៅក្នុងកូនសៀវភៅនោះ អ្នកនាងត្រូវកត់ឈ្មោះភ្ញៀវ ដែលអ្នកនាងបានអញ្ជើញឱ្យមករួបរួម គឺមានប៉ុន្មាននាក់ កូនក្មេងប៉ុន្មាននាក់ ដើម្បីស្រួលគិតស្មានដល់ការធ្វើម្ហូបទុកបំរុង។ បុរសជាស្វាមីគួរជួយភារៈកិច្ចរបស់ភរិយាខ្លះៗផង ក្នុងរឿងនេះ គឺត្រូវជួយពិគ្រោះជាមួយភរិយាលោកពីម្ហូបអាហារណាដែលលោកចូលចិត្ត។

តាមធម្មតាការលៀងភោជនាហារនៅតាមផ្ទះមួយកាលមួយគ្រានេះ គេតែងអញ្ជើញភ្ញៀវឱ្យមកពិសារនៅពេលល្ងាច គឺចាប់តាំងពីម៉ោង ៦ ទៅទល់ម៉ោង ៨ យប់។ លុះជិតដល់ម៉ោងហើយ លោកនិងលោកស្រីជាម្ចាស់ផ្ទះគួរប្រុងខ្លួនចាំទទួលភ្ញៀវទាំង ២រូប។ បានសេចក្តីថា កាលបើភរិយាលោកស្លៀកពាក់យ៉ាងស្អាតបានត្រឹមត្រូវចាំទទួលភ្ញៀវ លោកមិនគួរទៅស្លៀកសារុងគគ្រុកសំរាន្ត ឬធ្វើការអ្វីៗជាប់ដៃខ្លាំងទៀតឡើយ ព្រោះលោកបានសំរេចចិត្តរួចមកហើយថា លោកចំណាយ

ពេលវេលាល្ងាចនេះដើម្បីទទួលភ្ញៀវ។

 

ពេលភ្ញៀវអញ្ជើញមកដល់ អ្នកនាងនិងលោកជាម្ចាស់ផ្ទះត្រូវក្រោកឡើងទទួលភ្ញៀវ ហើយជូនទៅរកកន្លែងសមគួរសិន មិនគប្បីបក់ដៃហៅភ្ញៀវឱ្យចូលមកហើយយកដៃចង្អុលឱ្យភ្ញៀវទៅរកកន្លែងអង្គុយនោះទេ។ អ្នកនាងគួររកកន្លែងមួយឱ្យល្អប្រពៃ មានបរិយាកាសស្អាតស្អំ រៀបចំដោយស្នាដៃដ៏វិចិត្ររបស់អ្នកនាងដើម្បីឱ្យភ្ញៀវអង្គុយលេងមួយស្របក់សិនក៏បាន ឬក៏អញ្ជើញទៅកន្លែងពិសាភោជនាហារតែម្តងក៏បាន។ អ្នកនាងជាម្ចាស់ផ្ទះ ឬលោកជាម្ចាស់ផ្ទះ មិនគប្បីហៅភ្ញៀវឱ្យយកចិត្តទុកដាក់មើលរបស់ចំលែក ឬថ្លៃថ្នូររបស់អ្នកនាងឡើយ ហើយមិនគួរនិយាយថា “ផ្ទះខ្ញុំស្អាតណាស់, ល្អណាស់, ទូលាយណាស់, ឬវត្ថុនេះទើបនឹងទិញមកពីបរទេស” ទេអ្នកនាងគួរទុកឱ្យភ្ញៀវគេសំលឹងឃើញខ្លួនគេចុះ បើគេឃើញហើយសាកសួរដោយសរសើរអ្នកនាង អ្នកនាងមិនត្រូវបញ្ចោញឫកពារសប្បាយជ្រុលព្រោះការសរសើរនេះ ឬបញ្ចោញពាក្យថា “ខ្ញុំសប្បាយណាស់ព្រោះខ្ញុំខំតុបតែង ឬខំសំអាត៘” នោះទេ។ អ្នកនាងគួរបញ្ចោញឥរិយាបថឱ្យភ្ញៀវឃើញថា អ្នកនាងសប្បាយចិត្តចំពោះភ្ញៀវ មិនមែនអ្នកនាងសប្បាយចិត្តដោយអង្គុយលើចង្អេរលើកខ្លួនឯងនោះទេ។ តាមពិតតំលៃអស់ទាំងនេះភ្ញៀវរបស់អ្នកនាង បានយល់តាមឥរិយាបថរបស់អ្នកនាងដោយពិតប្រាកដ។ អ្នកនាងអញ្ជើញគេមកសប្បាយសំរាប់បង្ហាញស្នាដៃរៀបចំរបស់អ្នកនាងក៏ពិតមែនហើយ តែអ្នកនាងមិនមែនអញ្ជើញភ្ញៀវមកសំរាប់លើកតំកើងអ្នកនាង និងស្វាមីអ្នកនាង ហើយហាក់ខ្ពើមរអើម ឬមើលងាយភ្ញៀវដែលមានឋានៈទាបជាងអ្នកនាងនោះទេ។ អ្នកទាប អ្នកក្រដែលបានឃើញឥរិយាបថដ៏ប្រសើរគួសមឥតខ្ចោះរបស់អ្នកនាង និងស្វាមីអ្នកនាង អ្នកនោះសរសើរពីអ្នកនាងជាងទ្រព្យសម្បត្តិដែលគេមិនដែលឃើញនោះទៅទៀត។

 

ការរៀបម្ហូបអាហារសំរាប់ភ្ញៀវ អ្នកនាងគួររៀបកុំឱ្យខ្វះ ហើយជាពិសេសទោះបីជាអ្នកនាងឃ្លានបាយក្តាំងយ៉ាងណាក៏ដោយ ក៏អ្នកនាងខំប្រឹងអត់ធ្មត់ទៅចុះកុំយកបាយក្តាំងមកឱ្យភ្ញៀវឃើញឱ្យសោះ ព្រោះខ្លាចក្រែងភ្ញៀវយល់ថា អ្នកនាងខ្វះបាយ។ កាលបើភ្ញៀវពិសារអស់សំល ឬឆា អ្នកនាងគួរយកចានថ្មីមួយទៀតដួសមកបន្ថែមលើចាន ដែលអស់នៅលើតុ គឺមិនត្រូវយកចានដែលអស់នោះទៅដួសពីឆ្នាំងមកទេ។ ម៉្យាងទៀតម្ហូបអាហារដែលទុកសំរាប់ថែមអ្នកនាងគួររៀបមួយតុក្បែរនោះ សោះរវល់នឹងដើរចុះឡើងៗទៅចង្ក្រានបាយ។ បើអ្នកនាងចង់បន្ថែមអ្វីមួយ អ្នកនាងមិនចាំបាច់សួរភ្ញៀវទេ ព្រោះភ្ញៀវមានការចាំបាច់នឹងនិយាយតបមកវិញថា “គ្រប់គ្រាន់ហើយ,អរគុណហើយ”។ នៅពេលបន្ថែមម្ហូបអាហារ អ្នកត្រូវមានការប្រុងប្រយ័ត្នឱ្យមែនទែន គឺមិនត្រូវលើកសំលទឹកឬឆាឱ្យហៀរកំពប់ប្រឡាក់ខោអាវភ្ញៀវឡើយ ហើយគួររកចន្លោះល្មមសំរាប់ដាក់ម្ហូប គឺមិនត្រូវធ្វើឱ្យប៉ះកែវប៉ះចានរណុងរណាំងសោះឡើយ។

 

លុះពិសារភោជនាហារហើយ អ្នកនាងមិនត្រូវបង្ខំឱ្យភ្ញៀវចេញទៅភ្លាមៗទេ ឯភ្ញៀវក៏មិនត្រូវដំអក់ទាល់តែហួសអាធ្រាត្រដែរ។ អ្នកនាងជាម្ចាស់ផ្ទះត្រូវធ្វើកិរិយាឱ្យរីករាយនឹងភ្ញៀវជាដរាប មិនត្រូវនិយាយប្រាប់ភ្ញៀវថា ខ្ញុំរវល់ទៅនេះទៅនោះ ឬចុកខ្នងរោយចង្កេះ ឬស្ងាប-សារចុះឡើងឡើយ។

 

លុះភ្ញៀវអញ្ជើញលាចេញទៅ អ្នកនាងនិងស្វាមីគួរជូនភ្ញៀវរហូតដល់មាត់ទ្វារផ្ទះ ហើយអ្នកនាងអញ្ជើញឱ្យគេមកលេងទៀតនៅពេលទំនេរដែលគេអាចមកបាន។ ឯភ្ញៀវគឺគួរនិយាយអរគុណម្ចាស់ផ្ទះ ហើយនិយាយថានឹងមកលេងទៀត ទោះបីខ្លួនជាភ្ញៀវមិនបានមកទៀត ឬក៏ជាប់រវល់ទៅខេត្តក្រៅឆ្ងាយៗក្តី។

របៀបបង្ហាញខ្លួនដល់ភ្ញៀវ

គេត្រូវបង្ហាញខ្លួនចំពោះភ្ញៀវរបៀបដូចម្តេច? ការបង្ហាញខ្លួននេះបាន ២យ៉ាងគឺ បង្ហាញខ្លួនដោយខ្លួនឯង និងបង្ហាញខ្លួនដោយអ្នកដទៃ។ បង្ហាញខ្លួនដោយខ្លួនឯងតាមការនិយមថ្លៃថ្នូរ។ បុរសដែលបង្ហាញខ្លួនទៅស្ត្រី ឬទៅបុរសគ្នាឯង ត្រូវបង្ហាញខ្លួនដោយនិយាយថា ខ្ញុំបាទ ឬ ខ្ញុំឈ្មោះ “ក , ខ” ដោយប្រាប់ទាំងគោត្តនាមនិងនាមខ្លួន។ ស្ត្រីដែលបង្ហាញខ្លួនទៅស្ត្រីគាឯង ឬទៅបុរស គួរនិយាយប្រាប់តែនាមរបស់ខ្លួនក៏ជាការល្មមគ្រប់គ្រាន់ហើយ។

 

បង្ហាញខ្លួនដោយអ្នកដទៃ ៖ មនុស្សម្នាក់បង្ហាញខ្លួនមនុស្សម្នាក់ទៀតទៅអ្នកដទៃ ត្រូវចេះគិតបន្តិច គឺត្រូវសំលឹងគិត តើមនុស្សទាំង២ នាក់ដែលយើងត្រូវបង្ហាញឱ្យស្គាល់គ្នាមានអាយុប៉ុន្មាន នរណាចាស់ជាងគេ នរណាមានបុណ្យសក្តិធំជាងនរណា។ គេត្រូវបង្ហាញមនុស្សក្មេងប្រាប់មនុស្សចាស់ អ្នកតូចប្រាប់អ្នកធំ។ តាមធម្មតាគេបង្ហាញមនុស្សប្រុសប្រាប់មនុស្សស្រី លើកលែងតែបុរសដែលត្រូវបង្ហាញជាប្រមុខរដ្ឋ ឬជាអ្នកបួសក្នុងសាសនា។ ក្នុងការបង្ហាញខ្លួននេះ យើងជាអ្នកបង្ហាញគេត្រូវនិយាយកុំឱ្យមានការសង្ស័យចង់សួរខ្លាំងពេក គួរនិយាយប្រាប់ថា ៖ លោក ក ត្រូវជាប្អូន-ជាបង ជាមា-ឪពុក ជីតា ឬជាមិត្តរបស់ខ្ញុំ មុខងាររាល់ថ្ងៃរកស៊ីធ្វើការអ្វី។ បើយើងបង្ហាញខ្លួនស្រី ត្រូវនិយាយថា នាងនេះ លោកស្រីនេះ៘ ឈ្មោះ ខ ត្រូវជាប្អូន បង ម្តាយ ជីដូន ឬជាមិត្តនារី៘ របស់ខ្ញុំ សព្វថ្ងៃធ្វើការនៅកន្លែងណា៘ បើស្ត្រីនោះមិនបានធ្វើការអ្វីក្រៅពីនៅថែរក្សាផ្ទះ ក្នុងឋានៈជាមេផ្ទះ យើងមិនចាំបាច់និយាយថានាងនេះធ្វើអ្វីៗឡើយ បើនាងជាសិស្សសាលា យើងត្រូវប្រាប់ថារៀននៅថ្នាក់ណា សាលាណា៘

 

បើមនុស្សដែលយើងគួរបង្ហាញគេនោះត្រូវជាប្តី ឬត្រូវជាប្រពន្ធរបស់យើង យើងត្រូវនិយាយប្រាប់គេដោយត្រង់ដោយនិយាយថា ៖លោកជំទាវ, លោកស្រី, ឯកឧត្តម, លោក នេះត្រូវជាប្រពន្ធរបស់ខ្ញុំបាទ ឬនេះត្រូវជាប្តីរបស់នាងខ្ញុំ៘ បើនិយាយឱ្យគួរសមតាមរបៀបជាតិយើង យើងគួរនិយាយឱ្យបានសមរម្យ ឱ្យទន់ភ្លន់ដោយនិយាយថា ជំរាបប្រសាសន៍លោកជំទាវ, លោកស្រី, ឯកឧត្តម,លោក នាងនេះ ឬលោកនេះត្រូវជាប្រពន្ធ ឬជាប្តីរបស់ខ្ញុំបាទ ឬនាងខ្ញុំ។

 

លុះបង្ហាញតាមលំដាប់ថ្នាក់គួរសមមនុស្សម្នាក់ហើយ យើងទៀតនោះត្រូវជាអ្វីៗដែរ។ នៅពេលដែលគេនាំឱ្យស្គាល់ដំបូងនេះ ភ្ញៀវម្ខាង ឬម្ខាងទៀត មិនគប្បីជជីកសាកសួរឫសគល់ កំណើតកើតជាតាំងពីតូចក្រូចឆ្មារ រហូតដល់ចាស់សក់ស្កូវសោះឡើយ។ គេត្រូវសាកសួរគ្នាខ្លះៗដែរ ប៉ុន្តែឱ្យសមល្មមតាមការដែលទើបនឹងស្គាល់គ្នាលើកដំបូង។ នៅពេលដែលគេបង្ហាញខ្លួនយើងដល់អ្នកម្នាក់ទៀតនោះ យើងសំពះគួរសមគ្នាដោយសំលឹងមុខឱ្យចំ ហើយយើងត្រូវបញ្ចោញទឹកមុខឱ្យញញឹមប្រិមប្រិយ សំដែងឱ្យភ្ញៀវម្នាក់ទៀតនោះដឹងថា យើងចូលចិត្តការគួរសមតាមប្រពៃណីជាតិយើង មិនត្រូវបញ្ចោញទឹកមុខក្រញូវសម្លក់សំម្លឹង ខ្ពើមរអើមគេសោះឡើយ គួរយើងយល់ថា គ្នាក៏ជាមនុស្ស មានជីវិតតែមួយដូចយើង ហើយជាពិសេស គេក៏ជាមនុស្សមានចិត្តចេះយល់ល្អអាក្រក់ដែរ។

 

សុជីវធម៌របស់ភ្ញៀវ

ភ្ញៀវមិនត្រូវដើរចូលទៅក្នុងផ្ទះអ្នកដែលអញ្ជើញដោយមិនដោះមួក ឬមិនជូតស្បែកជើងលើទ្រនាប់កំរាលជូតស្បែកជើងទេ។ យើងជាភ្ញៀវមិនត្រូវដើរចូលទៅរកកន្លែងកិត្តិយស ដោយមិនទាន់បានទទួលការអញ្ជើញរបស់ម្ចាស់ផ្ទះទេ។ មិនត្រូវទំលាក់អង្គុយមុនម្ចាស់ផ្ទះ មិនត្រូវអង្គុយយោលកៅអីទៅមុខទៅក្រោយដូចអង្រឹង ឬអង្គុយលើជើងកៅអីតែ២ទេ បើកៅអីនោះមានជើង ៤។ មិនត្រូវលាផ្នត់កន្សែងទាំងអស់ត្រដាងលើតុទេ។

 

នៅពេលម្ចាស់ផ្ទះនាំមុខឱ្យទទួលទានអាហារ យើងមិនត្រូវបួងមាត់លបមើលគេឯងទេ។

- គេមិនត្រូវផ្លុំសម្លដើម្បីឱ្យត្រជាក់ទេ។

- សមស្លាបព្រាសំរាប់បង្អែម ដែលមិនទាន់ប្រើមិនត្រូវដាក់ច្រងេងច្រងាង ឬនាំឱ្យធ្លាក់ទៅដី គេត្រូវរៀបចំឱ្យស្រួលតាមលំនាំដែលម្ចាស់ផ្ទះបានរៀប។

 

បើមានភ្ញៀវម្នាក់លូកហើយ យើងមិនត្រូវលូកជ្រែកដែរទេ ត្រូវដកដៃចេញវិញ។ នៅពេលដកចេញនោះ គេមិនត្រូវលៀនអណ្តាតទៅលិទ្ធទេ ទោះពេលញ៉ាំរួច ក៏គេមិនត្រូវលិទ្ធស្លាបព្រាដែរ។ គេមិនត្រូវយកសមស្លាបព្រា ឬចង្កឹះជ្រាវរករើសយកសាច់ ឬបន្លែដែលត្រូវចិត្តខ្លួននោះទេ។ បើម្ហូបដែលឆ្ងាញ់នៅឆ្ងាយពីយើងពេក យើងមិនត្រូវបង្ហើបគូថឈោងចាប់យកម្ហូបនោះឡើយ គឺត្រូវអាស្រ័យតែម្ហូបណាដែលនៅជិតខ្លួន។ នៅពេលម្ហូបពេញមាត់ គេមិនត្រូវនិយាយឡុល ឬសើច

ក្អាកក្អាយបណ្តាលឱ្យឈ្លក់ចេញតាមមាត់ ឬតាមច្រមុះទេ។ បាយឬអាហារ គេត្រូវញ៉ាំឱ្យអស់ពីចានផ្ទាល់របស់ខ្លួន បើយល់ថាញ៉ាំមិនអស់ទេ គេមិនត្រូវដួសច្រើនឡើយ។

 

លុះពេលទទួលទានហើយ គេមិនត្រូវងើបក្រោកក្រេះដោយមិនរវល់ចាំអ្នកជិតខាងនោះទេ ព្រោះសញ្ញាដែលក្រោកចេញពីកៅអីនេះ ច្បាប់សុជីវធម៌តំរូវឱ្យម្ចាស់ផ្ទះឱ្យសញ្ញាដល់ភ្ញៀវ ដោយដើរនាំមុខភ្ញៀវទៅរកកន្លែងទទួលភ្ញៀវ។ នៅពេលទទួលទានហើយ អ្នកជិតខាងមិនទាន់ហើយ យើងមិនត្រូវអុជបារីបង្ហុយផ្សែងមុនគេទេ ការជក់បារីនៅតុបាយជាទំលាប់អាក្រក់មួយ។

 

សុជីវធម៌ដែលគួរពិចារណាដើម្បីញ៉ាំចំណីអាហារ

បបរ- នៅចំពោះមុខភ្ញៀវជាច្រើន គេត្រូវមានការប្រុងប្រយ័ត្នជាច្រើន ព្រោះភ្នែកមនុស្សតែងសំលឹងមករកយើងច្រើនណាស់។ នៅពេលដួសបបរពីចានធំមកដាក់ចានតូច អ្នកនាងគួរធ្វើសឹមៗកុំឱ្យស្រក់រលាក ហៀគ្រប់អន្លើ អ្នកនាងមិនគួរលើកចានធំចាក់ផ្ទីងមកចានតូចតែម្តងទេ។ បើយីងត្រូវញ៉ាំ ស្លាបព្រានិងចានធំល្មម អ្នកគួរដួសបបរបញ្ចូលទៅក្នុងមាត់ឱ្យសឹមៗល្មមៗ កុំចាប់ភ្លាមកាយពេញស្លាបព្រោហីយដាក់លេបៗ មិនមើលគេឯងឱ្យសោះ អ្នកនាងត្រូវចេះស្ទង់ល្បឿនកាបអ្នកជិតខាង ឯការយឺតយូររហូតដល់យូរៗ លើកមួយស្លាបព្រោនាះ ក៏ជាការមិនគួរួសមដែរព្រោះនាំឱ្យអ្នកដែលគេអញ្ជីញយើងមកនោះ មានការព្រួយបារម្មណ៍ថាបបររបស់គេមិនឆ្ងាញ់។ បើម្ចាស់ផ្ទះដាក់ចានចង្កឹះឱ្យយើងបរិភោគ យើងមិនត្រូវយកវែកដួសពីចានធំមកដាក់ចានចង្កឹះ ហើយមិនត្រូវលើកចានដោយយកចង្កឹះទាត់បបរបញ្ចូលមាត់ឱ្យលាន់សូរ គ្រូក!គ្រូក! ដូចអូសទូកនោះឡើយ។ បើម្ចាស់ផ្ទះដាក់បបរមាន់, បបរសាច់ត្រី ក្តាម, បបរសាមចូក មកឱ្យយើងដួស យើងមិនត្រូវរើសស្រង់យកតែដុំសាច់ដាក់ចានតូចរបស់យើងទេ។ បើម្ចាស់ផ្ទះដាក់បបរស និងសាច ឬ់ចំណីបបរនៅចានមួយទៀត ភ្ញៀវមិនគួរគប្បីញ៉ាំបបរ ១ស្លាបព្រា មួយហុតរួចចាប់យកចំណី សំរាប់បបរ ៣ ឬ៤ ម៉ាត់មកទំពារលេបទេ។ទោះបីបបរនោះឆ្ងាញ់យ៉ាងណាក៏ដោយ ភ្ញៀវមិនត្រូវធ្វើឫករហ័សរហួន ដូចជាឃ្លានខ្លាំងនោះទេ។

ចាប់យកត្រីមកបរិភោគ- ភ្ញៀវមិនគួរយកដៃលើកយកត្រីមកអង្គៀម ឬជញ្ជក់សាច់ពីឆ្អឹងឱ្យឮសូរដូចជីងចក់ស្រែកនោះទេ។ ភ្ញៀវត្រូវយកសមចាក់ពន្លាត់យកសាច់ត្រីមកបរិភោគ មិនត្រូវយកកាំបិតមកចាក់ ឬកាត់ទេ។

 

ចាប់យកសាច់- យើងគួរចាប់យកសាច់ដោយកាត់ម្តងមួយដុំតូចល្មមញ៉ាំ, មិនត្រូវកាត់ចិញ្ច្រាំឱ្យអស់ ហើយចាំយកម្តង ១ដុំនោះទេ។បើសាច់មាន់ សាច់ទា៘ អ្នកនាងគួរយកតែសាច់ល្មមញ៉ាំ មិនត្រូវលើកឆ្អឹងមកអង្គៀមសម្លឹងមេឃសម្លឹងផ្កាយ ចំពោះមុខភ្ញៀវកិត្តិយសឡើយ។

សាឡាត់- គេមិនយកសាឡាត់មកកាត់ដាក់ចានទេ។ បើស្លឹកវាធំពេក គេត្រូវយកសមមកហែកវា គេមិនប្រើកាំបិតទេ។

ញ៉ាំអន្លក់- អន្លក់, ទឹកគ្រឿង គេតែងតែទទួលក្នុងពេលអញ្ជើញភ្ញៀវមកក្នុងុការស្និទ្ធស្នាល។ នៅឱកាសពិធីកិត្តិយសធំៗ គេមិនប្រើម្ហូបអាហារនេះទេ ព្រោះធ្វើឱ្យភ្ញៀវមានការពិបាកច្រើនណាស់ តាំងពីចាប់វេញស្លឹកអន្លក់ រហូតដល់ជ្រលក់នឹងទឹកត្រី។ នៅក្នុងឱកាសអញ្ជើញភ្ញៀវរបៀបស្និទ្ធស្នាល គេអាចរៀបចំអន្លក់ដោយរៀបជាដុំៗឱ្យហើយស្រេច ដូចជាអន្លក់ត្រកួនជាដើម។ ត្រកួនគេពុះដើមជ្រៀកត្រាំទឹកឱ្យល្អ។ អន្លក់ស្គន់ គេត្រូវវេញទងស្គន់ល្មម ១ម៉ាត់ដើម្បីស្រួលឱ្យភ្ញៀវចាប់យកទៅញ៉ាំ។

ខ្យងសមុទ្រ- ភ្ញៀវអាចយកចន្ទាសមករុកយកសាច់ ហើយអាចលើកហុតយកជាតិទឹកនៅក្នុងខ្យងនោះបានតាមចិត្តនិយម។

ញ៉ាំពងមាន់ ឬពងទា- អ្នកនាងត្រូវគោះបំបែកដោយស្លាបព្រា មិនត្រូវលើកកាំបិតមកពុះខ្លាំងតែម្តងទេ។ គេប្រើពងមាន់ ឬពងទានេះនៅឱកាសជប់លៀងស្និទ្ធស្នាលធម្មតា។

ញ៉ាំក្រូច- បើគេអញ្ជើញអ្នកនាងទៅលេងកំសាន្តផ្ទះគេ ហើយគេដាក់ផ្លែក្រូចឱ្យញ៉ាំ អ្នកនាងត្រូវមានការប្រុងប្រយ័ត្នខ្លះដែរក្នុងការញ៉ាំផ្លែក្រូចនេះ បើគេដាក់ផ្លែក្រូចពោធិសាត់ទាំងសម្បក, កាំបិត, និងសមមកឱ្យ អ្នកនាងត្រូវយកផ្លែក្រូចនោះមកចិតសំបកត្រឹមពាក់កណ្តាលខាងលើ មិនត្រូវចិតឱ្យអស់តែម្តងទេ ហើយកាន់សាច់ក្រូចនៅនឹងដៃផ្ទាល់ទេ។ លុះចិតសំបកហើយ គេចិតសាច់ក្រូច ១ចំណិតរួចសឹមយកសមមកចាក់យកទៅញ៉ាំ។ បើក្រូចពណ៌លឿងទុំសំរាប់បកញ៉ាំ ឬក្រូចឃ្វិច អ្នកនាងត្រូវយកចុងសមមកចាក់ទំលុះមុខសំបកក្រូច ហើយចាប់បកឱ្យស្រួលបួល កុំឱ្យជាត់សំបកក្រូចខ្ទាតទៅប៉ះភ្នែកអ្នកជិតខាងឱ្យសោះ។ បើក្រូចផ្លុងធំៗ ម្ចាស់ផ្ទះត្រូវពុះសំបកឱ្យហើយជាស្រេច ហើយដាក់ក្នុងចានព្រមទាំងដាក់សមនៅជិតចានឱ្យភ្ញៀវស្រួលចាប់យកមកញ៉ាំទៀតផង។ ភ្ញៀវមិនត្រូវចាប់ម្តង ១ក្លែបធំដែលគេដាក់តំរៀបសំរាប់សំរាប់ឱ្យល្អមើលនៅលើចាននោះទេ គឺចាប់យកម្តងបន្តិច ល្មម ១មាត់តូចទើបសមគួរ។

ផ្លែប៉ោម- ផ្លែប៉ោមត្រូវពុះជា២ ហើយជា៤ (ពុះបណ្តោយផ្លែ) ពុះដោយកាំបិត ហើយយកសមចាក់យកមួយជ្រុងពីចានតូចធំមកដាក់ចានតូចសំរាប់ញ៉ាំ បន្ទាប់មកគេយកកាំបិតមកចិត ចូកយកសាច់មកកាត់ជាដុំតូចៗល្មមញ៉ាំ សឹមយកសមមកចាក់យកទៅញ៉ាំ។ បើចង់កាត់ផ្លែឈើមានទំរង់ដូចគ្នានេះចែកដល់អ្នកជិតខាងអ្នកនាងគួរយកមួយួចំហៀងដែលគ្មានជាប់សន្តង់ផ្លែ ហើយពុះឱ្យត្រង់ទៅខាងក្រោម កុំពុះទុកសន្តង់ឱ្យគេ ហើយពុះឆេវយកធំខាងក្រោមសំរាប់ខ្លួន។ បើគេយកផ្លែ

ឈើដែលគេពុះនៅក្នុងចានមកឱ្យអ្នកនាងអ្នកនាងត្រូវយកមួយចំហៀងណាដែលមិនជាប់បណ្តូល និងសន្តង់។

បើអ្នកនាងញ៉ាំផ្លែឈើជាបង្អែម ហើយមានគ្រាប់តូចៗដូចជា ផ្លែមៀន, សាវម៉ាវ៘ អ្នកនាង មិនត្រូវព្រួសគ្រាប់នោះ ទៅលើកំរាលតុ ឬទំលាក់ទៅដីក្បែរជើងនោះទេ អ្នកនាងត្រូវយកដៃអ្នកនាងធ្វើជាតំរង ហើយខ្ជាក់គ្រាប់នោះមកក្រៅដោយយកទៅដាក់លើចាន។

របៀបរៀបចាន ស្លាបព្រា កែវ លើតុទទួលភ្ញៀវ

ការនិយមតាមរបៀបអន្តរជាតិនៅអឺរុប

នៅខាងមុខភ្ញៀវនិមួយៗ មានចានធំមួយសំរាប់ដាក់បាយ នៅខាងឆ្វេងចានមានសមដែលដាក់របៀបផ្កាប់ នៅខាងស្តាំមានកាំបិតសំរាប់ហាន់សាច់ដែលដាក់ចុង

ស្រួចទៅខាងមុខ ដងមករកភ្ញៀវ។ ស្លាបព្រាមួយដែលដាក់ផ្កាប់ទៅលើកំរាលតុ។ ជួនកាលគេដាក់ឈើឬចន្ទាសមសំរាប់ចាក់យកសាច់ខ្យងផង។ នៅក្នុងពិធីកិត្តិយស គេមិនដាក់ស្រោមកាំបិតទេ នៅក្នុងពិធីនេះ គេដាក់កាំបិត, សម, ស្លាបព្រាសំរាប់បង្អែមនៅលើចានបង្អែម។ នៅពិធីជប់លៀងរបៀបស្និទ្ធស្នាល គេអាចដាក់សម, ស្លាបព្រា ឬកាំបិតសំរាប់ញ៉ាំបង្អែម នៅចន្លោះចាន និងកែវ។ កែវនេះគេដាក់ពីខាងមុខភ្ញៀវគឺ នៅចំពីមុខភ្ញៀវ។ បើនៅក្នុងពិធីជប់លៀងជាកិត្តិយសក្នុងពិធីបុណ្យអ្វីមួយ ហើយគេត្រូវការប្រើកែវច្រើនសំរាប់ភ្ញៀវម្នាក់ៗ គេត្រូវរៀបកែវឱ្យមានសណ្តាប់ធ្នាប់ល្អគឺ រៀបកែវធំពីខាងឆ្វេង បន្ទាប់មកកែវតូចៗ រៀបដង្ហែគ្នាតាមលំដាប់បន្ទាប់ៗមកខាងស្តាំ។

 

ការនិយមរបៀបចិន

របៀបនេះ យើងចូលចិត្តរៀបពិធីជប់លៀងរបៀបស្និទ្ធស្នាល គឺគេត្រូវដាក់ចានចង្កឹះនៅពីមុខភ្ញៀវ ចង្កឹះត្រូវតំរៀបគ្នាដាក់ចុងតូចចូលទៅក្នុង ហើយដាក់ពីខាងស្តាំចាន ស្លាបព្រាធ្វីពីជាតិដីដូចចានសំរាប់ហុតទឹកសំលដាក់ខាងស្តាំ កែវស្រា ឬទឹកដាក់ពីខាងឆ្វេង, កន្សែង ឬក្រដាសសំរាប់ជូតដាក់ពីខាងឆ្វេង។

 

សំលៀកបំពាក់ និងការតែងខ្លួន

គ្មាននរណាហ៊ានសួរយើងថា “តើអ្នកចេះស្លៀកពាក់ទេ?” ឡើយ។ តាមពិតនរណាក៏ចេះស្លៀកពាក់ដែរ គឺចេះតាំងពីតូចមកម៉្លេះ ប៉ុន្តែអ្នកដែលសួរខាងលើនេះ ពិតជាមានបំណងចង់ដឹងដល់របៀបរៀបចំ ស្លៀកពាក់ឱ្យសមរម្យគួរជាទីពិចពិលរមិលមើលរបស់អ្នកផង។

ការទៅលេងភ្ញៀវ ៖

ត្រូវស្លៀកសំលៀកបំពាក់ក្រុង- បើពេលព្រឹក ស្ត្រីត្រូវពាក់អាវបើកកទំនើប ហើយពាក់អាវមានដៃទំម្លាក់បន្តិចផង ពណ៌សំពត់និងអាវកុំរើសឆើតពេក។

- ពេលរសៀល ពាក់អាវកវៀល ពណ៌ឆើតជាងសំពត់ ពាក់គ្រឿងអលង្ការតាមការគួរសម បើស្លៀកសំពត់ហូល ត្រូវពាក់អាវពណ៌ដែលឥតផ្កា។

- នារីក្រមុំ មិនត្រូវស្លៀកសំពត់ពណ៌ខ្មៅទេ ត្រូវរើសពណ៌សំពត់ឱ្យសមតាមពណ៌សំបុរស្បែករបស់ខ្លួន ហើយអាវក៏ពាក់ឱ្យសមនឹងពណ៌សំពត់ដែរ។

- បុរសត្រូវពាក់អាវសដៃវែង បិទឡេវដៃ និងឡេវក អាវធំចងក្រវាត់តាមការសមរម្យ។ កុំមូរដៃអាវ ឬជើងខោ រីឯស្បែកជើងតាមពណ៌ដែលនិយម។

 

កំណត់សំគាល់ ៖

ការទៅលេងផ្ទះគេក្នុងឋានៈជាភ្ញៀវ ម្ចាស់ផ្ទះមិនបង្ខំឱ្យយើងស្លៀកពាក់យ៉ាងណាៗឡើយ មានតែយើងជាភ្ញៀវប៉ុណ្ណោះដែលគួរឱ្យកិត្តិយសដល់ម្ចាស់ផ្ទះ។បើយើងស្លៀកពាក់គឃាខ្ទេចខ្ទី ផ្នត់រាប់ពាន់ឡើងផ្ទះគេ ម្ចាស់ផ្ទះគេក៏មានការជិនឆ្អន់ចំពោះយើងដែរ។ អ្នកនាងជាស្ត្រីមានឥរិយាសមសួន គួរចេះរើសសំលៀកបំពាក់ឱ្យបានថ្លៃថ្នូរផង។ គឺថា បើអ្នកនាងស្លៀកសំពត់ពណ៌ខៀវ ត្រូវពាក់អាវពណ៌ខៀវខ្ចី, អាវស បើពាក់អាវផ្កាស្រស់ត្រូវរកពណ៌ផ្កាដែលមានសាច់ពណ៌ខៀវ បើស្លៀកសំពត់ពណ៌ស្វាយចាស់ ត្រូវរកអាវពណ៌លឿងខ្ចី, ពណ៌ស្វាយខ្ចី។ សំពត់ពណ៌បៃតង ត្រូវពាក់អាវពណ៌ស៊ីលាប ពណ៌បៃតងខ្ចី ត្រួយចេកខ្ចី។ សំពត់ពណ៌ក្រហមឈាមជ្រូកត្រូវពាក់អាវលឿងស្រគាំ, ពណ៌កូលាប, ពណ៌ក្រហមព្រឿង។ ឯសំពត់ពណ៌ខ្មៅ អាចពាក់ជាមួយអាវគ្រប់ពណ៌ ដូចជាអាវពណ៌សដែលអាចពាក់ជាមួយសំពត់គ្រប់ពណ៌នោះដែរ។ សំលៀកបំពាក់ដែលពាក់ទៅលេងផ្ទះគេក្នុងឋានៈជាភ្ញៀវ ពេលល្ងាចនេះ អាចពាក់ទៅទស្សនាខ្សែភាពយន្តពេលល្ងាចបានដែរ។

ការទៅក្នុងពីធីជប់លៀងភោជនាហារពេលល្ងាច ៖

ស្ត្រីត្រូវពាក់អាវកវៀលធំ, ដៃតូច គឺត្រូវស្លៀកពាក់ឱ្យឆើតជាងពេលរសៀល លាបម្សៅ, ក្រែមមាត់, ត្របកភ្នែក, ចិញ្ចើមឱ្យបានច្រើនជាងពេលរសៀល ឯគ្រឿងអលង្ការក៏ត្រូវពាក់លើកសំរស់ដែរ។ សក់ត្រូវលើកឱ្យសមនឹងទំហំមុខ ហើយតាមសម័យនិយមផង។ បុរសត្រូវស្លៀកពាក់របៀបអាវធំ ១ប្រដាប់ពណ៌ក្រមៅ,ពាក់ស្បែកជើងខ្មៅ, ចងក្រវាត់បូរ។

ការទៅជប់លៀងជាឧឡារិក, ពិធីមហោស្រព ឬពិធីសមោសរ ៖

អ្នកនាងត្រូវស្លៀកពាក់សំពត់អាវដែលត្បាញដោយដៃជាតិ ហើយកាត់តាមសម័យទំនើប ដូចជា សំពត់ខ្សែសយ, កំណាត់មានពណ៌ភ្លឺ ឬសំពត់អាវមានពណ៌ប្រហាក់ប្រហែលគ្នា, កអាវវៀលឱ្យធំ, ខ្សែស្មាអាវតូចៗ, សំពត់ផាមួងគ្រប់ពណ៌ត្រូវស្លៀករបៀបវែងដល់កែងជើង។ បើអ្នកនាងចង់បង់ក្រមាលំអ អ្នកនាងត្រូវរើសក្រមាខ្សែសយដែលមានពណ៌ប្រហាក់ប្រហែលនឹងសំពត់អាវ តែគេមិនត្រូវបង់កក្រមាដូចបង់ព័ទ្ធក្រវាត់ពានាសំរាប់សំពះព្រះសង្ឃសូត្រធម៌ក្នុងពិធីបុណ្យទេ គឺគ្រាន់តែបង់ពីខាងក្រោយ ទំលាក់ផាយខ្សែសយមកខាងមុខទាំងសងខង ឬបង់លើស្មាទំលាក់ទៅខាងក្រោយមួយចំហៀង ហើយជាយកន្សែងខ្សែសយមួយចំហៀងទៀតទំលាក់មកខាងមុខ។

នៅក្នុងពិធីដ៏ឧឡារិកនេះ អ្នកនាងត្រូវលាបម្សៅថ្ពាល់, មុខ, បបូរមាត់, ត្របកភ្នែក, កន្ទុយភ្នែក និងចិញ្ចើមចើនជាងពេលណាទាំងអស់។ សក់ត្រូវធ្វើឱ្យសមរម្យ ស្អាតទាន់សម័យទំនើប, ពាក់គ្រឿងអលង្ការមាស ពេជ្រតាមសមត្ថភាពគ្រួសារ, លាបទឹកអប់សំរាប់ពេលរាត្រី ស្បែកជើងកែង។ បុរសពាក់សំលៀកបំពាក់ធំ ក្រវាត់ពណ៌ស ឬពណ៌សមរម្យ ស្បែកជើងខ្មៅលាបវែរនីរលោង, ស្រោមជើងពណ៌ខ្មៅ។

នៅតាមវិថីតូចធំក្នុងក្រុង

ចិញ្ចើមវិថីខាងក្នុង ត្រូវទុកឱ្យស្ត្រី ឬបុរសដែលមានអាយុច្រើន។ បើបុរសចង់ដើរចៀសហ្វូងនារី ឬមនុស្សចាស់ គេត្រូវចៀសខាងឆ្វេងដៃដែលមានចន្លោះធំ។បើបានជាដើរចៀសរួចទាំងទើសទាស់ចិត្តដោយប្រការណាមួយគេគប្បីបន្តដំណើរទៅមុខទៀតដូចធម្មតាមិនត្រូវងាកក្រោយសំលក់សំលឹងប្រកាសសង្គ្រាមប្រស្រីភ្នែក ឬធ្វើមាត់ម្ហបៗតាមតែចិត្តនឹកឃើញនោះទេ។ ឯអ្នកដើរខាងមុខគេ បើដឹងថាខ្លួនដើរតិចៗ គប្បីដើរចូលមកក្នុងចិញ្ចើមវិថីខាងក្នុង កុំដើរក្រទីក្រទា ១ជំហានទៅឆ្វេង ១ជំហានទៅស្តាំ កុំដើរជ្រែងកណ្តាលវិថីដែលមានមនុស្សច្រើន ហើយបោះជំហានមួយៗ រង្វើលៗខ្លាំងពេក។

ចិញ្ចើមវិថីដ៏ចង្អៀតនៅក្នុងទីក្រុង គេមិនទុកបំរុងតែអ្នកលេងកុនគ្មានគេថត ឬអ្នកលេងល្ខោនក្រៅឆាក ដោយដើរដូចគេរាំនោះទេព្រោះអ្នករកស៊ីចិញ្ចើមជីវិតផ្សេងៗទៀត គេត្រូវការចិញ្ចើមវិថីនេះ ដើម្បីទូល-រែក-ជាដើមដែរ។ កាលបើឃើញនារី ២ ឬ៣នាក់ធ្វើដំណើរមកជិតដល់ លោកជាបុរសមិនត្រូវស្ទុះទៅចាប់ដៃគួរសម និយាយជាប់មាត់ជាមួយមិត្តភក្តិលោតច្រងេងច្រងាងពេញផ្លូវ បង្អាក់ដំណើរគេទេ។ លោកគួរចេះលៃចន្លោះគួរសមជាមួយមិត្តលោក ហើយលៃចន្លោះឱ្យអ្នកផងដើរបានស្រួល។

 

បើឃើញមនុស្សមានគ្រោះថ្នាក់នៅតាមវិថី យើងគួរជួយសង្គ្រោះជីវិតគ្នា ដោយជូនដំណឹងទៅភ្នាក់ងារប៉ូលីសមានសមត្ថកិច្ចភ្លាម។បើឃើញមានមនុស្សខ្យល់ចាប់ ឬខ្យល់គរ នៅតាមវិថីនេះ លោកអ្នកនាងជាសប្បុរសជនគួរជួយចាប់ស្រង់ជីវិតជនទុគ៌តនេះ ដោយជួយផ្តល់ប្រេងខ្យល់ ឬថ្នាំសង្កូវផ្សេងៗដែលលោកអ្នកនាងអាចផ្តល់ឱ្យបាន។ លោកជាបុរសមិនត្រូវនាំគ្នាឈរតំរៀបជាជួរក្បែរចិញ្ចើមវិថី ស្រែកឡូឡាជាភាសាជាតិ ឬភាសាបរទេសដើម្បីទទួលនារីម្នាក់ ដែលគ្នាទើបតែដើរមកដល់នោះទេ។ លោកអ្នកនាងមិនគប្បីដើរឆ្លងវិថី ដោយមិនសំលឹងមើលភ្លើងក្រហមពីខាងមុខនោះទេ។ រីឯភ្លើងលឿង ក៏មិនទាន់អនុញ្ញាតិឱ្យអ្នកដំណើរ ដើរឆ្លងកាត់ដូចភ្លើងពណ៌បៃតងនោះដែរ។ ទោះបីគ្មានអ្វីបើកបរកាត់ ក៏លោកអ្នកនាងជាអ្នកដំណើរមិនគប្បីឆ្លងកាត់ ដោយមិនទាន់ឃើញភ្លើងព៌បៃតងនោះដែរ។

 

ម៉្យាងទៀតទោះបីមានការប្រញាប់យ៉ាងណាក៏ដោយ ក៏គេមិនត្រូវរត់ឆ្លងកាត់វឹងនៅមុខរថយន្ត ឬយានជំនិះគ្រប់យ៉ាង បណ្តាលឱ្យអ្នកបើកបរជាន់ ឬចាប់ហ្វ្រាំងលាន់ឡើងកក្រើកធរណីនោះឡើយ។ កាលបើឆ្លងមិនផុតទេ អ្នកឆ្លងកាត់រួចនោះនឹងបំផ្លាញសេចក្តីសុខរបស់អ្នកបើកបរម្នាក់ ឬច្រើននាក់ឱ្យខូចខាតពេលវេលា ទៅរាយការណ៍ ឬជាប់ឃុំនៅស្នងការដ្ឋានប៉ូលីស។

 

នៅតាមផ្លូវថ្នល់

អ្នកបើកបរទាំងឡាយគួរចេះប្រណីដល់អាយុជីវិតរបស់ខ្លួន និងអ្នកផ្ញើវាសនានៅលើរថយន្ត ឬយានជំនិះរបស់ខ្លួន។ អ្នកជិះរថយន្តឈ្នួលនៅបាំងខាងមុខ មិនគប្បីស្តោះទឹកមាត់ក្រៅមាត់ទ្វារនៅពេលរថយន្តកំពុងបើកទៅមុខនោះទេ ព្រោះខ្យល់នឹងបក់ឱ្យចូលមកប៉ះមុខ ឬចូលមាត់អ្នកដែលនៅខាងក្រោយ។ គេត្រូវស្តោះទឹកមាត់ ឬស្លេស្មដាក់ទៅក្នុងកន្សែងរបស់ខ្លួន ហើយរៀបឱ្យស្អាតដាក់ក្នុងហោប៉ៅ។កំញ៉មបារីក៏មិនគប្បីគោះនៅខាងក្រៅដែរ ព្រោះវាអាចត្រូវខ្យល់បក់ដូចទឹកមាត់ដែរ ហើយកំញ៉មបារីនោះនឹងហើរមកប៉ះភ្នែក ច្រមុះអ្នកនៅខាងក្រោយ ជួនកាលកំទេចភ្លើងអាចហើរមកដែរ។

 

បើនិយាយឱ្យខ្លីទៅ អ្នកជិះរថយន្តមិនត្រូវចោលអ្វីបន្តិចបន្តួច ដូចជា កាកអំពៅ, សំបកក្រូច, សំបកត្របែក៘ ទៅក្រៅរថយន្តដែលខ្លួនជិះឡើយ គេត្រូវចោលក្នុងរថយន្តនេះផ្ទាល់ ព្រោះម្ចាស់រថយន្តមានអ្នកបោស ជូតនៅពេលទៅដល់ចំណត។ នៅពេលជិះរថយន្តទៅណាមកណាផ្លូវឆ្ងាយ គេតែងព្រួយបារម្ភគ្រប់យ៉ាងចំពោះគ្រោះថ្នាក់ដែលមិនដឹងជានៅឯណា ឬថ្មើរណាឡើយ ដូច្នេះគេតែងមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គេមិនត្រូវដេករងាកបង្ហើរព្រលឹងទៅបាត់ ទុករូបឱ្យយោលចុះយោលឡើង ម្តងទៅឆ្វេង ម្តងទៅស្តាំប៉ះលើគេឯងជិតនោះ ឬជួនកាលហៀរទឹកមាត់រឡាក់ដាក់គេឯងផងនោះទេ នៅពេលខ្លះដែលរថយន្តឈ្នួលនេះត្រូវឈប់ដោយបន្ទាន់នោះ អ្នកដេករបៀបនេះក៏ជ្រុលអាត្មាបុកក្បាលមកប៉ះនឹងជញ្ជាំងឡាន ឬដែករបាំងរថយន្តក៏សឹងមាន។ នៅគ្រប់កន្លែងសំណាក់និមួយៗ ឬគ្រប់កន្លែងដែលហៅរថយន្តឈប់ បុរសជាអ្នកដំណើរត្រូវលៃលកឱ្យនារី ឬមនុស្សចាស់ជាអ្នកដំណើរឡើងទៅលើរថយន្តមុន។ គេមិនត្រូវហៅរថយន្ត ដែលដឹកមនុស្សជាច្រើនឱ្យឈប់ចាំខ្លួនដែលមិនទាន់ងូតទឹកហើយនោះទេ។

 

គេមិនត្រូវជំនុំគ្នា២នាក់លើរថយន្ត ដោយសំលេងចេចចាចបូបាច់តាំងពីផែនដីកកើត រហូតដល់សតវត្សទី១០ ០០០ ដោយធ្វើឱ្យគេថ្លង់ធុញទ្រាន់ពេញមួយរថយន្តនោះទេ។ អ្នកជិះរថយន្ត មិនត្រូវជំរុញឱ្យអ្នកបើកឈប់នៅទីកន្លែងដែលខ្លួនចូលចិត្ត ទោះទីនោះមានគ្រោះថ្នាក់ដល់គេឯងជាច្រើនទៀតក៏ដោយនោះទេ។ គេមិននាំចូលទៅជាមួយខ្លួននូវ ឆ្កែ, ឆ្មា, កូន, វ៉ាលិស, កន្ត្រក ២ ឬ៣ ដោយទិញសំបុត្រតែមួយកន្លែងនោះទេ។ នៅពេលយប់ មុននឹងចុះត្រូវក្រលេកមើលឆ្វេងស្តាំ ដឹកនាំកូនទៅដាក់កន្លែងឱ្យស្រួល កុំឱ្យវារត់ប្រសេចប្រសាចធ្វើឱ្យអ្នកដែលប្រើប្រាស់ផ្លូវនេះដែរ ភ័យព្រួយដោយសារខ្លួន។

យើងទាំងអស់គ្នាត្រូវស្រលាញ់ផ្លូវជាតិ និងផ្លូវសាធារណៈរបស់យើង យើងមិនត្រូវបណ្តោយឱ្យគោ ក្របី សេះ របស់យើងឆ្លងកាត់ចុះឡើងតាមអំពើចិត្តទេ ព្រោះនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរដែលមានជីវិតតែមួយ ហើយមួយគត់ដូចយើងដែរ។ កាលបើមានសត្វឆ្កែ, ឆ្មា, ជ្រូក, មាន់, ទា ងាប់នៅតាមផ្លូវ យើងត្រូវនាំគ្នាយកទៅកប់ចោល ឬយកទៅទីណាឱ្យបាត់ពីមុខពីមាត់។ យើងមិនត្រូវចោលអំបែងកណ្តាលផ្លូវសាធារណៈទេ បើឃើញមានស្ពានណាខូច ឬបំរុងនឹងខូច យើងជាអ្នកស្នេហាជីវិតមនុស្សដូចគ្នា ត្រូវបញ្ជូនដំណឹងទៅរាជការមានសមត្ថកិច្ចភ្លាម។ យើងមិនត្រូវយកដែកគោលទៅបោះបង្ហើបចុងស្រួចត្រង់ចន្លោះស្ពាន ដែលកង់រថយន្តត្រូវបើកពីលើនោះទេ ព្រោះការខូចខាត ឬខកខានដំណើរអាចហុចផលអាក្រក់ដល់អ្នកដំណើរ បើដែកគោលនោះប៉ះលើរថយន្តរបស់រាជការ ឬរថយន្តយកការណ៍របស់យុទ្ធជននៅប្រទល់ដែន ឬរថយន្តសំរាប់ប្រតិបត្តិការសំងាត់ ដើម្បីរក្សាសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ តើការខូចប្រយោជន៍នេះនឹងមានទំហំប៉ុណ្ណាទៅវិញ។

សុជីវធម៌រវាងប្តីប្រពន្ធ

ប្តីប្រពន្ធដែលស្រុះស្រួលគ្នា តែងមានចិត្តសប្បាយរីករាយជាមួយគ្នាជានិច្ច គេមិនដែលធ្វើឱ្យល្អក់ចិត្តរវាងគ្នានិងគ្នានោះទេ។ ការងរង៉ក់ដាក់គ្នាជាញឹកញយមិនមែនសំរាប់បញ្ជាក់ចិត្តប្រាប់គ្នាថា ព្រោះតែស្រឡាញ់គ្នានោះទេ ព្រោះតាមធម្មតាគ្មាននរណាគេឧស្សាហ៍ទ្រាំទ្រចិត្តខ្លួនដដែលៗបានឡើយ។ ការសុខចិត្តធ្វើប្តីប្រពន្ធ នឹងគ្នាបានសេចក្តីថា សុខចិត្តតស៊ូស្រណុកពិបាកគ្រប់យ៉ាងជាមួយគ្នាក្នុងដំណើរជីវិត។ ការឈ្លោះទាស់ទែងលែងលះគ្នាមិនមែនបានសេចក្តីថា ជាសក្ខីភាពនៃចិត្តគាំទ្របំណងអ្វីមួយទេ តែបានសេចក្តីថា ខ្វះសមត្ថភាពនឹងរក្សាភាពជាប្តីប្រពន្ធនឹងគ្នា។ គ្មានបញ្ហាណាដែលមនុស្សដោះស្រាយមិនរួចទេ មានតែមនុស្សមិនចូលចិត្តនឹងដោះស្រាយតែប៉ុណ្ណោះ។ ដូច្នេះសុជីវធម៌រវាងប្តីប្រពន្ធសរសើរតែអ្នកដែលស្រលាញ់គ្នាដោយស្មោះត្រង់មិនលបលួចមានសាហាយស្មន់ណាមួយទៀត។នារីជាភរិយាគួរយល់ឱ្យច្បាស់អំពីករណីយកិច្ចជាប្រពន្ធរបស់គេ, កុំចង់ធ្វើចៅហ្វាយនាយគេខ្លាំងពេក, កុំប្រើប្តីដូចខ្ញុំកំដរ, កុំដេកសណ្តូកជើង ឬយោលអង្រឹងចាំមើលប្តីបោកខោអាវ, ដណ្តាំស្ល ឬបោសផ្ទះ។ ជាការពិតណាស់បុរសជាស្វាមីដែលស្រលាញ់ប្រពន្ធ ចូលចិត្តយកចិត្តប្រពន្ធ ទោះគេឱ្យធ្វើអ្វីក៏ធ្វើទាំងអស់។ តែមានភរិយាខ្លះមិនបានយល់ដល់ចិត្តស្វាមីឡើយ ស្មានតែគេជាទាសារបស់ខ្លួនដាច់ថ្លៃ ម៉្លោះហើយក៏ហ៊ានពោលពាក្យអាក្រក់ថោកទាបខ្លះៗដល់បុរសជាប្តីរបស់ខ្លួន។ មាននារីសម័យខ្លះភ្លេចករណីយកិច្ចរបស់ខ្លួនតាមច្បាប់ស្រីរបស់យើង។ ច្បាប់ស្រីថ្មីដែលចេញពីការនឹកឃើញតាមទំនើងចិត្ត ធ្វើឱ្យនារីខ្លះរំលោភមើលងាយស្វាមីខ្លួនឥតគណនា។ទោះបីក្នុងកាលៈទេសៈណា យើងជាភរិយាគេ ត្រូវតែគោរពគេក្នុងឋានៈជាប្តីដរាប។ ការបញ្ចោញយោបល់ផ្អែមល្ហែមដើម្បីនាំផ្លូវស្វាមីនៅពេលដ៏គួរ នឹងធ្វើឱ្យស្វាមីនាងមានចិត្តរីករាយ ហើយស្រលាញ់ជាងលើកមុនៗទៀត។ នារីមាត់រឹងចចេសចង់ឈ្នះមិនត្រូវពេលវេលាជានារីដែលបុរសទូទៅមានការព្រួយបារម្ភក្នុងការអប់រំ។ 

ថ្វីបើនាងជាភរិយា ត្រូវចេញទៅធ្វើការដូចបុរសជាស្វាមីដែរ នាងមិនត្រូវអាងលើបុណ្យសក្តិរបស់នាងរហូតដល់បណ្តុះបង្អាប់បុណ្យសក្តិស្វាមីនាងទេ។  ការមិនឆ្លើយួតបនឹងការដៀមដាមតិះដៀលរបស់នាង ជាការបញ្ជាក់ឱ្យឃើញថា គេមានទស្សនៈខ្ពង់ខ្ពស់ជាងនាងឆ្ងាយណាស់។ ទោះបីនាងមានឋានៈមុខងារជាអ្វី  ត្រូវនាងកុំភ្លេចឋានៈជាភរិយា, មេផ្ទះ និងមាតារបស់ទារក។ នារីត្រូវរក្សាកិត្តិយសរបស់ខ្លួនឯងឱ្យថ្លៃថ្នូរទុកជូនស្វាមីរបស់នាង។ ការស្និទ្ធស្នាលជាមួយមិត្តប្រុស, ជាមួយចៅហ្វាយនាយប្រុស, បងប្អូនប្រុសៗទៀត មិនមែនជាការអាប់អោនកិត្តយសទេ តែក៏មិនមែនថ្លៃថ្នូរដែរ បើនាងប្រព្រឹត្តិជ្រុលខុសខ្លាំងពេក។

កិរិយាមិនគប្បីមាត់ក ចេចចាចជាមួយស្វាមីដែលជាអ្នកគិតច្រើននោះទេ។ កាលបើវិលត្រលប់មកពីធ្វើការវិញ នាងជាភរិយាមិនគប្បីរករឿងនាំឱ្យសៅហ្មងដល់ស្វាមីជាទីស្រលាញ់របស់ខ្លួនទេ។ តាមធម្មតាបុរសតែងចូលចិត្តមិត្តភក្តិខ្លះ ឬទៅជួបនឹងមិត្តភក្តិដែលធ្លាប់រាប់អានគ្នា ភរិយាមិនគួររំខានក្នុងរឿងនេះច្រើន ពេកឡើយ ភរិយាត្រូវយល់ដល់អធ្យាស្រ័យចិត្តគំនិតរបស់ស្វាមីឱ្យបានពិតប្រាកដ។ភរិយាត្រូវចាប់អារម្មណ៍ចំពោះកិច្ចការរបស់ស្វាមី ហើយត្រូវជួយសំរាលទុក្ខស្វាមីគ្រប់ពេលវេលា។

ភរិយាត្រូវសួរខ្លួនឯងថា ៖

- តើខ្ញុំជា មេផ្ទះដ៏ចំណានម្នាក់ ឬទេ? ផ្ទះសំបែងរៀបចំមានសណ្តាប់ធ្នាប់ឬនៅ, ម្ហូបអាហារបាយសំល, ទុកដាក់ចង្ក្រានជើងឆ្នាំង, ជួយធ្វើការប្តី និងដឹកនាំកូនសព្វ   គ្រប់ឬនៅ?

- តើខ្ញុំមានចាប់អារម្មណ៍ចំពោះកិច្ចការ សុខភាពរបស់ស្វាមីខ្ញ៉ីំទេ កិច្ចការរបស់ខ្ញុំនិងសុខភាពខ្ញុំល្អទេ?

- តើខ្ញុំត្រូវនិយាយរឿងហេតុ អាថ៌កំបាំង ឬទុក្ខព្រួយណាមួយរបស់ខ្ញុំប្រាប់ស្វាមីខ្ញុំទេ?

- តើខ្ញុំត្រូវរំខានស្វាមីខ្ញុំ ឬមួយខ្ញុំត្រូវជួយកុំឱ្យលោកនឿយហត់ ព្រោះតែរឿងហេតុបន្តិចបន្តួច ដែលមានដំណើរប្រហែលគ្នានឹងឆ្មាលួចត្រីអាំងនោះ?

- ខ្ញុំនេះឬ ជាមនុស្សដែលស្វាមីខ្ញុំ និងកូនខ្ញុំត្រូវទទួលសេចក្តីសប្បាយរីករាយ ត្រជាក់ត្រជុំក្នុងុសន្តានចិត្ត។

- តើខ្ញុំមានគិតសព្វគ្រប់ចំពោះថវិកាសំរាប់កំរិតឋានៈគ្រួសារឬនៅ?

- តើខ្ញុំមានកិរិយាមារយាទចំពោះអ្នកក្រៅស្វាមី និងកូនរបៀបណា? ដូចជា ញាតិខាងស្វាមី, ញាតិរបស់ខ្លួន, មិត្តភក្តិស្វាមី, មិត្តភក្តិរបស់ខ្លួន, អ្នកជិតខាង៘

 

នៅក្នុងគ្រួសារមួយ បើមានភរិយាចំណានតែស្វាមីមិនចំណាប់ ដំណើរនៃគ្រួសារនោះមិនអាចប្រព្រឹត្តិទៅបានល្អដែរ ដូច្នេះលោកជាស្វាមីមិនគប្បីប្រកាន់ចិត្តថា ក្នុងមួយជីវិតត្រូវរកភរិយាឱ្យបានច្រើននោះទេ ព្រោះថាបើខុសទាស់ឆ្គងយ៉ាងណា ភរិយាតែមួយស្រួលប្រដៅស្រួលពត់ជាងភរិយា២-៣ ដែលមិនដឹងជាគេមានចិត្តក្បត់ពុតត្បុតពេលណាឡើយ។ ឯការស្រលាញ់ភរិយាប្រចាំជីវិតរបស់ខ្លួន លោកមិនត្រូវសំដែងឱ្យនាងឃើញថា លោកស្រលាញ់ប៉ុណ្ណា ទាំងអស់តែម្តង, ក្នុងកំឡុង ស្របក់, លុះដល់ទីបំផុតក៏អស់រលីងសូន្យឈឹងនោះទេ។ សេចក្តីស្រលាញ់គ្មានអាណិតមិនមែនជាសេចក្តីស្នេហា ដែលគេបណ្តុះបណ្តាលក្នុងថ្នាលកសាងគ្រួសារទេ តែសេចក្តីល្រាញ់របៀបនោះជាសន្ទុះនៃភ្លើងចំបើងដែលនៅពេលរលត់ភ្លាម មានតែសាកសពនៃផេះកំទេចកំទីប៉ុណ្ណោះ។ សូមលោកជឿចុះថា លំអឆើតឆាយជាទីដៅរបស់អារម្មណ៍រវើរវាយប៉ុណ្ណោះ, ជំហានដែលបំរុងបោះគ្រាន់តែលើកមួយគ្រាសិនទៅចុះ កុំទាន់ឈានធ្វើអ្វី។ ដើម្បីសេចក្តីសុខសាន្តទៅថ្ងៃក្រោយ គួរយល់ហើយសួរបញ្ជាក់ខ្លួនឯងឱ្យច្បាស់លាស់ជាច្រើនដងថា តើរូបនាងនេះឬជាភរិយាតែមួយ ហើយមួយគត់សំរាប់រូបលោក។ បើបានជាឈានហួសទៅហើយ ទោះបីយ៉ាងណាគួរទ្រាំទ្រទៅចុះ ព្រោះគប្បីលោកនឹកអាណិតដល់បុត្រាបុត្រីដែលគ្នារងកម្មពៀរ ទឹកភ្នែកសស្រាក់ រងទុក្ខវេទនា ទាំងផ្លូវកាយទាំងផ្លូវចិត្តព្រោះតែការព្រាត់ប្រាសរវាងលោកនិងភរិយាលោក។ ត្រង់នេះហើយដែលជាប្រភពនៃមនុស្សធម៌, សុជីវធម៌គ្រប់យ៉ាងទាំងអស់ដែលលោកជាមនុស្សមួយរូបដែរគួរយល់ឱ្យច្បាស់មែនទែន។ កាលបើគ្មានចិត្តស្រលាញ់ និងអាណិតក្នុងឋានៈជាប្តីប្រពន្ធពិតប្រាកដទេ សូមកុំប្រថុយស្រើបស្រាលខ្វះវិចារណញ្ញាណឱ្យសោះ កុំឱ្យកំណើតទៅមនុស្សម្នាក់ឱ្យគ្នាកើតមក ដើម្បីទទួលពាក្យអាស្រូវគ្រប់យ៉ាងពីសន្តានមនុស្សគ្រប់ធុនធ្វើអ្វី។ លោកអ្នកនាងដឹងទេ ក្មេងដែលលួចឆក់គេនៅតាមផ្សារផ្សោនោះមានភាគច្រើន ច្រើនតែក្មេងដែលក្រលំបាក ព្រោះតែឪពុកម្តាយលែងលះគ្នា, ជាក្មេងដែលខ្វះការអប់រំពីឪពុកពីម្តាយ។ រៀបការតាមឪពុកម្តាយបង្ខំ ហើយលែងលះគ្នាជាក្រោយទុកឱ្យកូនរស់នៅវេទនាត្រណាត់ត្រណែង ជាកិច្ចរៀបការដែលធ្វើឱ្យសង្គមជាតិជ្រួលច្របល់ដោយសារខ្លួន ជាកិច្ចរៀបការរបស់មនុស្សឆ្កួត។ ចំនួន២នាក់របស់ឪពុកម្តាយ ជាចំនួនដែលកប់បាត់ក្នុងជំរៅសង្គមជាតិដែលរាប់ឃើញឥតគណនា។

ធ្វើជាស្វាមីគេ គឺធ្វើជាមនុស្សរឹងប៉ឹងក្លាហាន មានសីលធម៌ថ្លៃថ្នូរគ្រប់ពេលវេលា។ នារីដែលមានការរិះគិតវែងឆ្ងាយ គេនឹងមិនព្រមធ្វើប្រពន្ធរបស់កូនមហាសេដ្ឋីដែលក្មេងល្ហក់ ពោរពេញទៅដោយគំនិតទន់ខ្សោយ ហើយជួនកាលកំសាកផងនោះទេ។ បុរសជាស្វាមី មិនត្រូវមានចិត្តសងសឹកចំពោះភរិយាលោកទេ បើនាងធ្វើខុស គួរលោកអប់រំភរិយាលោកឡើងវិញ។ បុរសមាត់ពាល ចេះនិយាយចំអេសចំអាសមិនខុសគ្នាពីស្រីកញ្ជើធ្លាយឡើយ។ ស្ត្រីជាមនុស្សចូលចិត្តនិយាយរឿងល្អិតល្អោចច្រើន ដូច្នេះបុរសជាស្វាមី កុំស្តាប់រឿងល្អិតល្អោចច្រើនពេក គួរធ្វើសតិអារម្មណ៍ឱ្យបានល្អ ហើយនិយាយពន្យល់ភរិយាលោកឱ្យយល់តែសេចក្តីថ្លៃថ្នូរ ជាប្រភពនៃសុខដមរម្យនាក្នុងគ្រួសារ។ លោកជាគ្រូដែលឱ្យដំបូន្មានគ្រប់យ៉ាងដល់ប្រពន្ធ។ ការស្រលាញ់ប្រពន្ធ បណ្តោយឱ្យប្រពន្ធធ្វើអ្វីតាមអំពើចិត្តនឹកឃើញនោះមិនមែនមានឈ្មោះថាស្រលាញ់ប្រពន្ធទេ។ ធម្មតាបុរសជាអត្តទត្ថបុគ្គល នារីជាប្រពន្ធច្រើនមិនសូវយល់ ដូច្នេះលោកគួរប្រាប់អាថ៌កំបាំងដែលបណ្តាលឱ្យបុរសទៅជាអត្តទត្ថបុគ្គល ព្រោះតែការស្រលាញ់ប្រពន្ធ នាងជានារីដែលស្រលាញ់លោកស្មោះ មុខជាមិនប្រព្រឹត្តិខុសបំណងលោកឡើយ។ ប៉ុន្តែសូមប្រយ័ត្ន កុំធ្វើឱ្យប្រពន្ធបានចិត្តរីកថ្លើមខ្លាំងពេក ព្រោះមាននារីខ្លះអាងថាប្តីស្រលាញ់ ក៏ហ៊ានបំពានខ្លាំងដៃណាស់ដែរ។

បុរសជាអ្នកដោះស្រាយបញ្ហាធំៗទាំងឡាយ ដែលចោទមកដល់គ្រួសារខ្លួន, ត្រូវលើកតំកើងកំរិតជីវភាពគ្រួសារខ្លួន, ធ្វើឱ្យនារីជាប្រពន្ធមានចិត្តកក់ក្តៅលើផែនទ្រូងរបស់ស្វាមី។ បុរសជាស្វាមីមិនប្រកាន់ឫកស្រី, ម្ញិម្ញក់ងង៉ក់ទេ ព្រោះធម្មជាតិរបស់ស្រី នឹងមិនចំណុះលោកប៉ុន្មានចំពោះកាយវិការនេះទេ។ ស្ត្រីខ្លះជាមនុស្សដែលខ្លាំងពូកែ ចេះដឹងជ្រៅជ្រះ ប៉ុន្តែមានជួនកាល នាងជាមនុស្សមានសតិបញ្ញាទន់ខ្សោយក៏មានដែរ ហេតុនេះលោកជាស្វាមីគួរយល់ដល់អធ្យាស្រ័យរបស់នាង។ប្រពន្ធដែលចូលចិត្តការសប្បាយនៅខាងក្រៅផ្ទះ ទស្សនាខ្សែភាពយន្ត, ល្ខោន, មហោស្រពផ្សេងៗ រាំច្រៀងញឹកញយក្នុង១អាទិត្យ សូមលោកជាស្វាមីប្រញាប់ដាស់សតិភរិយាប្រចាំជីវិតឱ្យមែនទែន។ បើដឹងថាភរិយាលោករៀបក្បត់ចិត្តហើយ លោកគួររកវិធីចាត់វិធានការយ៉ាងណាអប់រំឱ្យភរិយាលោកវិលមកកាន់សតិដើមវិញ។កើតជាប្រុសមិនត្រូវធ្វើជាមនុស្សដែលគេតែងហៅថា អាវែកទេ។ មិនត្រូវទុកចិត្តប្រពន្ធខ្លួន ឱ្យដើរលេងកំសាន្តជាមួយពួកម៉ាកប្រុសទេ។

បុរសជាស្វាមីត្រូវគោរពភរិយាលោក ដូចជាភរិយាលោកគោរពលោកដូច្នោះដែរ។ ការវាយដំច្រំធាក់ទៅលើរូបភរិយាជាភេទទន់ខ្សោយជាកិរិយាវិកលចរិតលីលាផុតលេខ ដែលគួរតែស្វាមីទាំងឡាយច្រានមារយាទរបៀបនេះឱ្យធ្លាក់ភក់ជ្រាំឱ្យអស់។ ស្វាមីមិនត្រូវពោលតែពីលំអភរិយាគេ ឬនារីណាម្នាក់ប្រាប់ភរិយាខ្លួន ដើម្បីបង្កើតការអាក់អន់ស្រពន់ចិត្តរបស់ភរិយាខ្លួនទេ។ ស្ត្រីទាំងអស់សុទ្ធតែជាមនុស្សជោរ តែលោកមិនត្រូវបញ្ចោញកិរិយាឱ្យភរិយាលោកដឹងថា លោកបញ្ជោរនាងដោយត្រង់ៗតែម្តងទេ។ លោកជាស្វាមីមិនត្រូវស្វះស្វែងរកស្រីញីបណ្តើរគ្នាលេងបង្ហិនថវិកាគ្រួសារ ដើម្បីសំរេចតាមទំនើងចិត្តវិកលមួយគ្រាមួយគ្រានោះទេព្រោះនាំឱ្យអ្នកផងដែលមិនបានដឹងច្បាស់គេអាចយល់ច្រលំថា ភរិយាដ៏ត្រឹមត្រូវរបស់លោកក៏ជាស្រីក្នុងចំណោមស្រីអាវាសែដែលរាជរដ្ឋាភិបាលបានខិតខំបំបាត់នោះដែរម៉្យាងទៀតលោកជាជនក្បត់នឹងរាជរដ្ឋាភិបាល ព្រោះលោកគាំទ្រអំពើពុករលួយ។

កើតមកជាអង្គប្រុស គេត្រូវអប់រំចិត្តគេឱ្យទៅជាមនុស្សប្រុសថ្លៃថ្នូរសមសួន គេមិនត្រូវធ្វើជាប្រុសអាវាសែខ្ចាត់ភ្លាត់តាមផ្ទះរកេតរកូតជាយក្រុង ដែលសំណាក់នៅដោយហ្វូងកង្កែបញីកាមគុណ លួចលាក់ដើម្បីរស់តែមួយឆ្អែតៗនោះទេ ព្រោះគំនិតរបៀបនេះ មិនមែនជាអ្នកស្វែងរកសេចក្តីសុខទេ តែជាការរកសេចក្តីសប្បាយផ្ទាល់ខ្លួន ហើយជាន់ពន្លិចគ្រួសារដ៏សុខសាន្តឱ្យធ្លាក់ជ្រោះអន្តរធាន។ បុរសជាស្វាមីមិនត្រូវមើលងាយភរិយាខ្លួនថា ជាអ្នកមករស់នៅដោយសារកំលាំងញើសក្អែលរបស់ខ្លួនទេ លោកគួរពិចារណាឱ្យសមហេតុសមផលចុះថា បើគេមិនព្រមទទួលលោកជាស្វាមីទេគេក៏អាចរស់នៅជាមួយស្វាមីគេរូបណាមួយផ្សេងទៀតដ៏សុខសាន្តដែរកាលពីគ្រាមុន,លុះដល់គ្រាគ្នាជាភរិយាមានកូនចៅទៅហើយ ទើបលោកលើកយករឿងដូច្នេះមកនិយាយ បើលោកមិនស្រលាញ់ តើលោករៀបការយកគ្នាមកចងកម្មពៀរធ្វើអ្វី? គ្រប់ដំណើរជីវិតរបស់លោក លោកជាស្វាមីត្រូវសាកសួរខ្លួនឯងថា ៖

- តើខ្ញុំបានបំពេញករណីយកិច្ចជាស្វាមីរបស់នារីម្នាក់នេះពិតប្រាកដទេ? បាននិយាយពីមិត្តភក្តិល្អ ពីមុខរបររបស់លោក, ជាទីសណ្តាប់របស់ភរិយា ទេ?

- តើខ្ញុំនិយាយរឿងអាថ៌កំបាំង, ទុក្ខព្រួយ, កិច្ចការសមរម្យក្នុងផ្ទះសំបែងប្រាប់ភរិយាទេ?

- តើខ្ញុំមានការយកចិត្តទុកដាក់អំពីកិច្ចការ និងសុខភាពរបស់ភរិយាខ្ញុំ និងកិច្ចកង្វល់របស់ភរិយាខ្ញុំទេ?

- តើខ្ញុំត្រលប់ពីធ្វើការ ខ្ញុំមានទៅណាមុនចូលផ្ទះទេ?

- តើខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីធ្វើឱ្យភរិយាខ្ញុំទទួលខ្ញុំដោយសប្បាយរីករាយ, ខ្ញុំបានលើកកំរិតជីវភាពគ្រួសារឱ្យសមរម្យ ឬនៅ?

- នៅពេលឈប់សំរាក តើខ្ញុំមានជួយមើលកិច្ចការក្នុងផ្ទះសំបែងដើម្បីជួយសំរាលដល់ភរិយាខ្ញុំទេ? មានមិត្តភក្តិណាគេរាប់រកខ្ញុំទេ? ចុះគ្រួសារឪពុកម្តាយរបស់ យើងទាំង២?

- ខ្ញុំមានលួងលោមបបោសអង្អែលប្រពន្ធទេ?

- ចុះកូនរបស់ខ្ញុំវាស្រលាញ់ខ្ញុំទេ? វារៀនសូត្រដល់ណាដែរ? វាទន់ខ្សោយនៅត្រង់ណាទៀត?

- ពេលខ្ញុំដើរបាត់ពីផ្ទះ មនុស្សក្នុងផ្ទះខ្ញុំគេព្រួយបារម្ភយ៉ាងណាទៅ?

- តើខ្ញុំនេះឬ ជាប្រធានសមាជិកគ្រួសារ?

 

សុជីវធម៌រវាងប្តីប្រពន្ធដែលបានរៀបរាប់មកនេះ ល្មមសមរម្យខ្លះហើយ តែគេមិនអាចរក្សាសុជីវធម៌នេះតែក្នុងគ្រួសារ ហើយភ្លេចដល់អ្នកជិតខាងផ្សេងៗទៀត

ទេ។ មានគ្រួសារខ្លះ គេសប្បាយរីករាយក្អាកក្អាយតែក្នុងផ្ទះរបស់គេ គេមិនចាំបាច់ស្គាល់រាប់អានអ្នកជិតឆ្ងាយមិត្តភក្តិបងប្អូនឯទៀតទេ។ ការគិតរបៀបនេះមិន

ត្រូវសោះឡើយព្រោះថា យើងមិនអាចរស់នៅដាច់តែឯកឯងបានទេ យើងត្រូវទាក់ទងជាមួយអ្នកក្រៅដូចជា សាច់ញាតិ, មិត្តភក្តិឯទៀតៗផង ព្រោះអ្នកទាំងនោះ

គេមានជួយឈឺឆ្អាលយើងខ្លះៗដែរនៅពេលដែលយើងមានទុក្ខ។សុជីវធម៌ទូទៅ

យើងជាអ្នកថ្លៃថ្នូរ គួរប្រកាន់អាកប្បកិរិយាជាអ្នកថ្លៃថ្នូរចំពោះអ្នកផងទាំងពួង កុំច្រឡឺមហួសបទ មើលគេមើលឯងដែលមានជីវិតរស់នៅជុំវិញខ្លួន។ កុំលាយដំណើប ឬលាយខ្សាយតែម្នាក់ឯងរលែមឥតខ្មាស់ឱ្យសោះ។ វិទ្យាសាស្ត្រចំរើនមែន តែយើងជាក្មេងមិនគួរបំប៉នភាពភ្លឹបភ្លែត រលីមរលាមដោយខំវាយស្របឥតអៀនខ្មាស់ ទៅតាមដំណើរអភិវឌ្ឍន៍របស់វិទ្យាសាស្ត្រទេ ព្រោះភាពសប្បាយមិនមែនស្ថិតនៅលើឫកពាររបៀបរអិលលើខ្លាញ់ទាំងនេះទេ សភាពអស់នេះទេតើដែលធ្វើឱ្យគេនិយាយថា សប្បាយជាគូនឹងទុក្ខ។

- នៅពេលដែលឃើញគេរងទុក្ខ ដោយរអិលដួលគ្រេចដៃជើង, ចុកទល់ផ្អក, ឬរបួសដោយប្រការណាមួយ យើងមិនគួរចូលទៅគួរសមដោយបញ្ចោញវាចារថា

   “ ម៉េចស្រួលខ្លួនទេ? ” “ល្មមគ្រប់គ្រាន់ទេ? ” ៘ នោះសោះឡើយ។

- យើងមិនត្រូវហៅអ្នកក្រ ឬអ្នកធ្វើខុសចិត្តរបស់យើងដោយប្រការណាមួយថា “អាសំរែ ” “ មីសំរែ ” អាកុងត្រូវលីនង្គ័លនោះសោះឡើយ ព្រោះអ្នកស្រែ-អ្នក   ម្ចាស់ចងនង្គ័លទាំងនោះជាអ្នកប្រកបដោយឧត្តមគតិជាងយើងជាអ្នកនិយាយច្រើនណាស់ខាងការរកភោគផលមកចិញ្ចឹមយើងរាល់រូប។ យើងមិនត្រូវស្ងាបហារ   មាត់ចំហរ ហើយបញ្ចោញស័ព្ទដូចខ្មោចចូលទេ។ គេត្រូវយកដៃបិទមាត់ ហើយស្ងាបតាមការគួរល្មម។ កុំធ្វើឱ្យអ្នកជិតខាងយល់ថា ខ្លួនខ្ជិល ឬមិនចង់រស់នៅ  ឱ្យសោះ។

- គេមិនត្រូវឈរកេះអាចម៍ច្រមុះរបៀបព្រងើយ ដោយមិនខ្ចីអើពើចំពោះភ្នែកមហាជនដែលអាចសំលឹងមកប៉ះទេ។ គេត្រូវយកកូនកន្សែងមកជូតត្បារដោយ  លាក់បំពួន។

- គេមិនត្រូវដើរ ឬអង្គុយត្បារអាចម៍ត្រចៀកនៅតៀមចិន ដោយធ្វើភ្នែករលីវទេ។

- គេមិនត្រូវដោះអាវ ឬទាញសំយេះខោដើម្បីរាវរកចាប់ចៃ ឬសង្កើចនៅចំពោះមុខសាធារណជនទេ។

- គេមិនត្រូវហិះសំបោររហូតដល់ធ្វើឱ្យអ្នកជិតខាងខ្ចាត់ភ្លាត់ព្រលឹងទេ។ គឺទៅឱ្យឆ្ងាយពីគេឯង ឬធ្វើតាមសំរួលគួរសម។

- នៅក្នុងទីប្រជុំទល់មុខគ្នាក្តី ប្រជុំអ្វីមួយក្តី គេមិនត្រូវផោមទំលាយខ្យល់សំអុយ ឱ្យអង្គប្រជុំក្តៅក្រហាយចំពោះខ្លួនម្នាក់នោះទេ។ គេត្រូវដើរចេញទៅឱ្យឆ្ងាយ   ដើម្បីទំលាយខ្យល់មិនស្រួលនេះ។

- នៅពេលដែលធំក្លិនខ្យល់អាក្រក់នេះ គេមិនត្រូវសួររកមុខអ្នកផោម ដើម្បីធ្វើឱ្យគ្នាខ្មាស់គេកណ្តាលទីជំនុំនោះទេ។

- ប្រសិនបើមានអ្នកខ្វះសុជីវធម៌នេះសួររកអ្នកផោម អ្នកផោមខ្លួនឯងមិនគួរឆ្លើយដាក់គេឯង រកដោះខ្លួន ឬឆ្លើយដាក់ក្មេងនៅក្បែរនោះទេ។

- នៅពេលបែកញើស គេមិនត្រូវឈរ ឬអង្គុយខ្វេះអាចម៍ក្លៀកមកហិត ដោយអាកប្បកិរិយាព្រងើយ បង្ហាញអ្នកជិតខាងឱ្យខ្ពើមរអើមនោះទេ។

- គេមិនត្រូវដើរសើយលាត់សំពត់ ឬមូរជើងខោទាំងសងខាង នៅតាមផ្លូវសាធារណៈទេ។

- គេមិនត្រូវអង្គុយបែរខ្នង ដាក់មនុស្សដែលអង្គុយជិតនោះទេ។

- គេមិនត្រូវធ្វើមុខក្រញូវ ស្មើកាប់៣ពូថៅមិនចេញជ័រនោះទេ។

- គេមិនត្រូវឈ្លោះគ្នាវាយតប់, ជេរគ្នា ឬរកចៃប្រវាសគ្នានៅតាមទីផ្សារទេ។

- បុរសអ្នកជិះស៊ីក្លូ មិនត្រូវដេកលើស៊ីក្លូ សន្ធឹងស្តូកដូចបាត់ព្រលឹងអស់នោះទេ។ នារីអ្នកជិះស៊ីក្លូ មិនត្រូវអង្គុយកន្ធែកឥតខ្មាស់ទេ។

- នៅទីណាចង្អៀតដូចជាទីផ្សា កន្លែងទិញសំបុត្រកុនល្ខោន សំបុត្រមើលកីឡាផ្សេងៗជាដើម គេមិនត្រូវដើរបញ្ចោញគួយដៃ បុកគេឯងពាសវាលសោះឡើយ។

- នៅពេលឃើញគេខុស យើងមិនត្រូវហៅគេថា អាឆ្កួត នោះទេ។

- នៅពេលឃើញគេយំចេញទឹកភ្នែក ឬមុខស្ងួតដោយប្រការណាមួយ អ្នកថ្លៃថ្នូរគេមិនទៅញញឹមញញែម លឹបលរ ឬទៅគួរសមរបៀបច្រឡឺមដាក់គេទេ។

- ឃើញគេអានសៀវភៅ ឬកាសែត យើងមិនត្រូវចូលទៅឆាឆៅគេដោយសួរពត៌មានកំទេចកំទីឡើយ បើរឿងនោះត្រូវនិយាយដោយខានមិនបាន ត្រូវសុំទោស   គេជាមុនសិន។

- នៅបណ្ណាល័យនិមួយៗ ឬនៅទីណាដែលមានដាក់សៀវភៅ គេមិនត្រូវយកចង្អុលដៃលិទ្ធទឹកមាត់ដើម្បីបើកមើលនោះទេ។

- នៅបណ្ណាល័យ គេមិនឡូឡា ធ្វើឱ្យធ្លាក់បន្ទាត់ ធ្លាក់សៀវភៅ ធ្លាក់នេះនោះឱ្យរំខានដល់អ្នកជិតខាងទេ។ បើខ្ចីសៀវភៅគេ ត្រូវយកមកសងគេវិញ កុំទុកចាំគេ   សួររកឱ្យសោះ។

-ពេលយកសៀវភៅគេទៅមើល ត្រូវចេះថែរក្សាកុំបត់, កាច់ឱ្យបាក់ផ្នត់ចាស់របស់គេ, កុំលួចហែកសន្លឹកណាដែលខ្លួនចូលចិត្ត។

- បើគេខ្ចីសៀវភៅយើងមិនព្រមសង កំឡុង ៦ខែមកទៀត យើងអាចទៅសាកសួរគេបាន ដោយានិយាយប្រាប់មកថា មាននរណាម្នាក់ទៀតគេត្រូវការខ្ចី   សៀវភៅយើងដែរ។