ច័ន្ទី សូមស្វាគមន៍

សង្គមសិក្សា

 

                        -និយមន័យ

សង្គមសិក្សា បានមកពីពាក្យពីររួមគ្នា គឺ សង្គម និង សិក្សា ”សង្គម” ជាពាក្សភាសាបាលី បានសេចក្តីថា ការជួបជុំគ្នា ការប្រជុំគ្នា ការាប់រកគ្នា ការប្រមូល រួបរួមគ្នារវាងមនុស្ស គឺក្រុមមនុស្សដែលមានការទំនាក់ទំនងគ្នា មានជំនឿ ទំនៀមទំលាប់ ប្រពៃណី សាសនា និងភាសាស្រដៀងគ្នា ឬដូចគ្នានិងរស់នៅក្នុងអាណាខេត្តតែមួយក្រោមអំណាចការគ្រប់គ្រងតែមួយ។ ចំណែកឯពាក្យថា សិក្សា (ជាភាសាបាលីថា សិក្សា សំស្ក្រឹតថា កិត្យា) មានន័យថា ការរៀន ការទន្ទេញ ការសូធ្យរៀន ការហ្វឹកហាត់ ការប្រុងប្រយ័ត្នរក្សាមារយាទឱ្យល្អ ការប្រតិបត្តិវិជ្ជា លារស្ទាត់ជំនាញ។

រួមពាក្យទាំងពីរចូលគ្នា  គឺ  សង្គមសិក្សា បានន័យថា ការសិក្សាអំពីក្រុមមនុស្សដែលមានសម្ព័ន្ធភាពរវាងគ្នាដោយមានក្រិត្យក្រំ ច្បាប់ប្រពៃណី វប្បធម៌ យ៉ាងល្អ។


-ប្រភេទរបស់សង្គម

.ស្ថាប័នគ្រួសារ

គ្រួសារ គឺជាក្រុមតូចៗមានមនុស្សពីរភេទរស់នៅជាមួយគ្នា ដែលមាន វប្បធម៌ អរិយធម៌   ប្រពៃណី   ដើម្បីរក្សាវង្សត្រកូលតៗ គ្នាមកជាស្ថាប័នដែលមានសារសំខាន់បំផុតចំពោះសង្គមធំព្រោះគ្រួសារជាឫសកែវ និង ជាប្រភពនៃការសាងសម្ព័ន្ធភាពរវាងគ្នារបស់មនុស្សនៅក្នុងសង្គមធ្វើឱ្យកើតមានភាពស្និតស្នាលកក់ក្តៅ  និង  ការសាងបទដ្ឋាន គឺ បែបបទរបៀបនៃការរស់នៅជាក្រុម  ៗ  ការប្រកបមុខរបរចិញ្ចឹមជីវិត  រហូតដល់ការកសាងសមាជិកថ្មីជំនួសសមាជិកចាស់ដោយអប់រំពួកគេទាំងនោះឱ្យបានយល់ដឹងពីបទដ្ឋាន បែបបទរបស់សង្គម នឹងអាចធ្វើឱ្យសង្គមគង់វង់ទៅបាន។

ការសិក្សាពីស្ថាប័នគ្រួសារ នឹងជួយឱ្យយើងស្គាល់  និង  យល់ច្បាស់ពីសង្គមធំកាន់តែច្រើនឡើងថែមទៀត ព្រោះគ្រួសារជាបែបចំលងរបស់សង្គមធំ  គ្រួសារជាប្រភពនៃការកំណត់រូបបែប  ព្រឹត្តិកម្ម តម្លៃនិយម ជាទីកន្លែងដែលសាងគុណសម្បត្តិរបស់សមាជិកឱ្យមានទិសដៅដូចគ្នា   នឹងអាចធ្វើឱ្យយើងយល់ពីគុណសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងុសង្គមនោះបានគ្រួសារ  គឺ ជាកោសិការបស់សង្គមដែលមាននាទីរួមចំណែកទទួលខុសត្រូវរាល់បញ្ហាដែលកើតមាននៅក្នុងសង្គមធំកោសិការរបស់សង្គមមានតួនាទីកាពារមិនឱ្យសង្គមធំកើតមានមេរោគ ព្រោះថាមេរោគចាប់ផ្តើមស៊ីកោសិការតូចៗ មុន បើសិនកោសិការតូចៗ គ្មានលទ្ធភាពគ្មានកំលាំងដើម្បីទប់ទល់មេរោគបានទេ មេរោគនោះប្រាកដជារាលដាលឆ្លងមកដល់សង្គមធំជាមិនខានឡេយិ ដើម្បីការពារមិនឱ្យសង្គមធំផ្ទុកមេរោគ (សង្គមមេរោគ) កោសិការ ក៏ មានតួនាទីក្នុងការជួយការពារ  និង  អភិវឌ្ឍន៍សង្គមដូចគ្នា ដោយអាស្រ័យកោសិការរបស់សង្គម គឺ សង្គមគ្រួសារនីមួយ ៗ មានកំលាំងមាំមួនដើម្បីតតាំង ប្រឆាំងនឹងមេរោគទាំងនោះ  បើសិនជាកោសិការរបស់សង្គមត្រូវមេរោគស៊ីហើយ    នោះកោសិការ ក៏ ដូចជាសង្គមទាំងមូល  នឹងមិនការរីកកចំរើនឡើយ ក្លាយជាសង្គមគ្មាន គុណភាព មិនគួរឱ្យចង់រស់នៅ ។

តួនាទីរបស់ស្ថាប័នគ្រួសារ

ទួនាទីរបស់គ្រួសារអាចនិយាយដោយសង្ខេប គឺ មានតួនាទី   ដើម្បីរក្សាសភាពសង្គម  និង  តបស្នងតាមតម្រូវការដំបូងរបស់មនុស្ស ទើបយើងជូបប្រទះឃើញមានគ្រួសារនៅគ្រប់ទីកន្លែងទាំងអស់លើលោកនេះ គ្រួសារនិមួយ ៗ មានតួនាទីដូចខាងក្រោមនេះ

.ការឱ្យកំណើតបុត្រ   ដើម្បីជួយឱ្យសង្គមស្ថិតស្ថេរគង់វង់រហូតទៅមុខទៀត សង្គមដែលរីកចំរើនបានកំណត់ច្បាប់ទាក់ទងទៅនឹងជីវិតរបស់សមាជិក ដោយមានការថែរក្សាអនាម័យ និងរក្សាសិទ្ធិនៃការមានជីវិតរស់នៅរបស់សមាជិកថ្មី គឺ ទារកទើបកើតមកថ្មី ដោយមានចែងក្នុងច្បាប់ថា ហាមមិនឱ្យធ្វើបាប ឬសម្លាប់ទារកដែលនៅក្នុងគភ៌   និង   ទារកកើតមកហើយ ថែមទាំងការឱ្យសិទ្ធិនៃការមានជីវិតរស់នៅ និងបំពេញតួនាទីរបស់ខ្លួននៅក្នុងសង្គមតាមជំនាញ សមត្ថភាពដែលខ្លួនអាចធ្វើបាន តាមបែបបទ និងច្បាប់របស់សង្គមអនុញ្ញាតិ។

.ចិញ្ចឹម  និង  ការពារ អន្តរាយទាំងពួងដល់ទារក    ដើម្បីឱ្យទារកមានការរីកចំរើន ធំធាត់ និង មានសុខភាព ល្អនេះជាតួនាទីសំខាន់មួយសំរាប់គ្រួសារ ព្រោះដោយធម្មជាតិ ក្មេងមិនអាចចិញ្ចឹម និងពឹងខ្លួនឯងបានទេ។

.អប់រំណែនាំឱ្យយល់ដឹងពីរបៀបវិន័យ ច្បាប់ទំលាប់របស់សង្គម   ដើម្បីឱ្យគេអាចរស់នៅក្នុងសង្គម នោះបានយ៉ាងមានក្តីសុខ ឱ្យស្គាល់ និងយល់ពីទំនៀមទំលាប់ ប្រពៃណី ចេះសេពគប់មនុស្ស ចេះធ្វើការរួមជាមួយអ្នកដទៃ  និង  សមាគមជាមួយអ្នកដទៃតាមបែបបទរបស់សង្គម។

.កំណត់តំណែង និងតួនាទី  ឱ្យទារកចាប់តាំងពីថ្ងៃកើតមកភ្លាម និង ជួយរកតំណែង នាទីផ្សេងៗ ទៀតតាមឱកាសដែលអាចរកបាន។

.ផ្ដល់ភាពកក់ក្តៅ និងសេចក្ដីស្រលាញ់ ដែលជាតំរូវការដំបូងរបស់មនុស្សកសាងគ្រួសារឱ្យមានសុភមង្គលមិនមែនជាការលំបាកទេ ព្រោះសមាជិកទាំងអស់រស់នៅជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងរយៈពេលជាយូរឆ្នាំមាន កិច្ចការផ្សេង ៗ ធ្វើជារួមគ្នា និង បង្កើតនូវសេចក្តីស្រឡាញ់ភាពស្និទ្ធស្នាលនិងមានភាពកក់ក្តៅដល់គ្រួសារ នេះជាបច្ច័យមួយដែលជួយឱ្យសមាជិកមានអារម្មណ៍ និងមានសុខភាពចិត្តល្អ។

.តួនាទីខាងសេដ្ឋកិច្ចគ្រួសារ ជាអង្គប្រកបរបស់សេដ្ឋកិច្ចមួយដែលដូចជាការផលិត ការស្វែងរកគ្រឿងឧបភោគបរិភោគនិង ការបំរើសេវាកម្មផ្សេង ៗ ដើម្បីយកមកបរិភោគក្នុងគ្រួសារ។

សមាជិកគ្រួសារ

បើនិយាយពីសង្គមគ្រួសារវិញ    គ្រួសារនីមួយៗមានអង្គប្រកបច្រើនយ៉ាង    ដូចជាមានសមាជិកគ្រួសារមានផ្ទះសំបែង ទីកន្លែងស្នាក់អាស្រ័យជាដើម ទើបគ្រួសារនោះពេញលក្ខណៈជាគ្រួសារ ក្នុងទីនេះសូមលើកយកតែសមាជិកគ្រួសារមកអធិប្បាយ ព្រោះថាសមាជិកគ្រួសារមានតួនាទីដ៏សំខាន់ ក្នុងការកំណត់ទិសដៅគ្រួសាររបស់ខ្លួនបាន  បើសមាជិកគ្រួសារបំពេញតូនាទីរបស់ខ្លួនបានប្រសើរ   ហើយគ្រួសារនោះរមែងជួបតែភាពសុខសាន្តរស់នៅជាមូយគ្នាយ៉ាងមានភាពក់ក្តៅ   ត្រជាក់ត្រជុំ  និងមានសុភមង្គលជានិច្ចនិរន្តន៍ ជាពិសេសគុណភាពជីវិតក៏ល្អ។  យើងសង្កេតឃើញគ្រួសារខ្លះ រស់នៅជាមួយគ្នាបានសុខសាន្ត តែគ្រួសារខ្លះក៏រស់ជាមួយគ្នាដែរ បែរជាមានតែការឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធ   កូនចៅបងប្អូនឥតឈប់ឈរ  រហូតដល់នៅជាមួយគ្នាមិនបាន មានការលែងលះគ្នាជាដើម នេះក៏ដោយសារតែសមាជិកមិនយល់និង មិនព្រមបំពេញតួនាទីរបស់ខ្លួនឱ្យសមស្របតាមឋានៈនាទីរបស់ខ្លួនសំរាប់តួនាទីរបស់សមាជិកគ្រួសារមានដូចខាងក្រោមនេះ។

សមាជិករបស់គ្រួសារគួរតែបដិបត្តិតាមតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដើម្បីផលប្រយោជន៍ដល់សង្គមគ្រួសាររស់ខ្លួន ក៏ដូចជាសង្គមរួមគឺការរស់នៅជាមួយគ្នាដ៏សុខសាន្តកក់ក្តៅ។

មាតាបិតា

នៅក្នុងគ្រួសារនីមួយៗ លោកឪពុក និងអ្នកម្តាយជាជំហ៊ានជាអាណាព្យាបាល ជាអ្នកគ្រប់គ្រងជាអ្នកដឹក នាំ៘ លោកបំពេញតួនាទីច្រើនយ៉ាងណាស់ ដើម្បីឱ្យសមាជិកនៅក្រោមបង្គាប់ ឬ ក្រោមអាណាព្យាបាល របស់លោកមានសេចក្តីសុខសាន្ត កក់ក្តៅ និងធ្វើឱ្យមានសុភមង្គលដែលជាទិសដៅចំបងបស់គាត់។ តួនាទីរបស់គាត់បែងចែកជាចំណែក ៗ ដើម្បីងាយស្រួលក្នុងការយល់ ៖

តួនាទីក្នុងការចិញ្ចឹមបុត្រាបុត្រី ការចិញ្ចឹមបុត្រាបុត្រីរបស់មាតាបិតាជាការងារ  ឬ  ជាភារៈដ៏ធ្ងន់ធ្ងរ ដែលលោកទាំងពីររួមគ្នាទទួលខុសត្រូវ ព្រោះថាក្រៅពីការចិញ្ចឹម ដោយគ្រាន់តែឱ្យអាហារសំរាប់បរិភោគរាល់ថ្ងៃហើយនោះ គាត់នៅមានតួនាទីច្រើនយ៉ាងទៀតដែលត្រូវបំពេញនិងទទួលខុសត្រូវព្រោះគាត់ជាគ្រូដើម (បុព្វាចារ្យ)   គាត់នៅមានតួនាទីសំខាន់ម៉្យាងទៀត  គឺ  ការអប់រំកូនឱ្យក្លាយជាមនុស្សល្អក្នុងសង្គម តាមឱវាទរបស់ព្រះពុទ្ធអង្គ ។

តួនាទីរបស់មាតាចំពោះកូនប្រុសស្រី មាន ៥ យ៉ាងគឺ ៖

.ហាមមិនឱ្យកូនប្រុសស្រីធ្វើអំពើអាក្រក់  ឪពុកម្តាយមានតួនាទីក្នុងការអប់រំ ណែនាំឱ្យបុត្ររបស់ខ្លួនឱ្យវៀរចាកការប្រព្រឹត្តនូវអំពើជាអកុសលអំពើបាប អំពើអាក្រក់ អំពើដែលខុសច្បាប់ទាំងឡាយរបស់រដ្ឋ ទំនៀមទំលាប់ ប្រពៃណី និងសាសនា។  ព្រោះថាការប្រព្រឹត្តនូវអំពើខាងលើនោះ  និង នាំមកនូវភាពច្របូកច្របល់គ្មានសណ្តាប់ធ្នាប់  កើតអំពើហឹង្សាក្តៅក្រហាយដល់សង្គមដែលខ្លួនរស់នៅ សូម្បីតែខ្លួនឯងក៏ត្រូវទទូលទោសតាមច្បាប់របស់ប្រទេសដែលបានបញ្ញត្តិប្រើនោះវានិងក្លាយទៅជាមនុស្សគ្មានប្រយោជន៍ក្នុងសង្គម (សង្គមមិនត្រូវការ)។

.អប់រំប្រៀនប្រដៅឱ្យធ្វើតែអំពើល្អ ការដែលយើងមិនធ្វើអំពើអាក្រក់មិនមែនមានន័យថា ធ្វើអំពើល្អហើយនោះទេ ការធ្វើអំពើល្អ គឹការដែលយើងបំពេញ  តួនាទីដ៏ល្អក្នុងសង្គមដែលសង្គមភាគច្រើនគេទទួលស្គាល់ដើម្បីផលប្រយោជន៍រួមគ្នា (គឺរស់

នៅដោយមមានតំលៃ សមនិងផែនដីដែលទ្រយើង) ។

.ឱ្យកូនបានរៀននូវចំណេះវិជ្ជា និងសិល្បៈផ្សេង ៗ ឪពុកម្តាយមានតួនាទីក្នុងការឧបត្ថម្ភឱ្យកូនបានរៀនសូត្រចេះដឹង នូវសិល្បៈវិជ្ជាផ្សេង ៗ ដើម្បីយកចំណេះនោះមកចិញ្ចឹមជីវិតយ៉ាងសុចរិត និងបំពេញប្រយោជន៍ដល់សង្គមរបស់ខ្លួន ។   

.រៀបចំឱ្យកូនមានគូស្រករ តាមប្រពៃណីទំនៀមទំលាប់ខ្មែរ ការរៀបអាពាហ៍ពិពាហ៍ជារឿងសំខាន់ព្រោះថាមនុស្សយើងខុសពីសត្វ ឪពុកម្តាយមានតួនាទីបៀចំអាពាហ៍ពិពាហ៍ឱ្យកូនដើម្បីបន្តពូជពង្សវង្សត្រកូលរបស់ខ្លូនទៅមុខទៀត ។

            .ចែកមត៌កឱ្យកូនតាមការសមគួរ     មត៌កដែលឪពុកម្តាយគាត់មានកាតបែងចែកឱ្យកូន     ដើម្បីយកមកបន្តការចិញ្ចឹមជីវិតតទៅមុខទៀត ។    បុត្រធីតាចំពោះបុត្រធីតាវិញ ក៏មានតួនាទីច្រើនយ៉ាងក្នុងគ្រួសាររបស់ខ្លួនដែរជាពិសេសជាមួយឪពុកម្តាយព្រោះថាឪពុកម្តាយរបស់យើងគាត់ជាអ្នកឱ្យកំណើតយើងចិញ្ចឹមថ្នមថែយើងមកជារៀងរហូត   គាត់ជាអ្នកស្រឡាញ់យើងលើសអ្នកដ៏ទៃគ្មានក្តីដ្រឡាញ់ណាស្មើនឹងក្តីស្រឡាញ់របស់មាតាបិតាឡើយ សូម្បីតែកូនរបស់ខ្លួនធ្វើខុសក៏ដោយ ក៏នៅតែជាកូនរបស់គាត់រហូតគាត់ហ៊ានទទួលទោសជំនួសកូន។ ដូច្នេះកូនគួរតែបំពេញតួនាទីរបស់ខ្លួន ដែលជាអំពើល្អមានកតញ្ញួចំពោះមាតាបិតា ដោយគ្រាន់តែមិនធ្វើឱ្យពួកគាត់ពិបាកចិត្តតែធ្វើឱ្យគាត់សប្បាយចិត្តដោយសារយើងនោះ វាស្ទើរតែគ្រប់គ្រាន់ទៅហើយតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធអង្គ

 

កូនមាននាទី៥យ៉ាង គឺ ៖

            .ចិញ្ចឹមគាត់វិញ         មាតាបិតាចិញ្ចឹមកូនប្រុសស្រីតាំងតែពីនូវក្នុងផ្ទៃរហូតដល់ពេលនេះកូនៗ ល្មមអាចចិញ្ចឹមខ្លួនឯងបាន ហើយក៏អាចចិញ្ចឹមមាតាបិតាវិញបានដែរដើម្បីការតបស្នងសងនូវគុណរបស់គាត់វិញព្រោះឈានចូលដល់វ័យចាស់ជរាហើយមិនមានកំលាំងដូចមុនទេយើងជាកូនត្រូវតែឱ្យគាត់សំរាកម្តង បើកូនណាមិនទាន់មានការងារធ្វើ ឬ នៅរៀននៅឡើយ ត្រង់នេះគ្រាន់តែបន្ធួរការចាយវាយរបស់ខ្លួនឱ្យសមល្មមនិងចំណូលរបស់គាត់ ហើយទំនុកបំរុងចំណីអាហារដែលគាត់ចង់ពិសារ សម្លៀកបំពាក់ដែលអាចទិញជូនគាត់ប្រើប្រាស់បាន។ ការចិញ្ចឹមឪពុកម្តាយក្នុងន័យនេះ មានន័យថាការបំនុកបំរុងនៅបច្ច័យ ៤ យ៉ាង ៖ ចំណីអាហារកន្លែងស្នាក់នៅ សំលៀកបំពាក់ និងថ្នាំសំរាប់ព្យាបាលរោគរបស់គាត់។

.ស្តាប់ឱវាទរបស់ឪពុកម្តាយ ធម្មតាគ្រប់ឪពុកម្តាយចង់ឱ្យកូនរបស់ខ្លួនក្លាយទៅជាមនុស្សល្អ ទើបគាត់ខំព្យាយាមអប់រំ ទូន្មានយើងដោយត្រង់ និងដោយប្រយោល ហេតុនេះយើងជាកូនត្រូវតែស្តាប់ឱវាទរបស់គាត់ កុំឱ្យគាត់មានការពិបាកចិត្តដោយសារតែយើងឱ្យសោះ។

.ធ្វើការជំនួសឪពុកម្តាយ   ការងារដែលគាត់ធ្វើមកពីដើម  ដូចជាការងារធ្វើស្រែចំការយើងដែលជាកូនត្រូវតែជួយធ្វើនូវការងារជំនួយគាត់វិញ និងថែរក្សាការងារមួយចំនួនរបស់គាត់ទៀតផង។

.រក្សាវង្សត្រកូលឱ្យស្ថិតស្ថេរចេរកាល កូនប្រុសស្រីត្រូវចេះថែរក្សាវង្សត្រកូល កេរ្តិ៍ឈ្មោះក្រុមគ្រួសាររបស់ខ្លួន ព្រោះថាកេរ្តិ៍ឈ្មោះរបស់វង្សត្រកូលគ្រួសារ ជាកិត្តិយសសំខាន់ណាស់ យើងជាកូនត្រូវតែថែរក្សាការពារ និងខំជួយលើកស្ទួយវង្សត្រកូលឱ្យកាន់តែល្អឡើងទៅ។

.កាលបើមាតាបិតាធ្វើកាលកិរិយាទៅ កូនប្រុសស្រីគប្បីធ្វើបុណ្យឧទ្ទិសជូនទៅឱ្យគាត់     កូនកតញ្ញូត្រូវតែធ្វើបុណ្យឧទ្ទិសបុណ្យកុសលទៅឱ្យគាត់ ដើម្បីជាកិច្ចតបស្នងសងគុណគាត់ជាលើកចុងក្រោយ។    

ទាំង ៥ ប្រការនេះជាភារនាទីរបស់កូនប្រុសស្រី ដែលជាកព្វកិច្ចចាំបាច់ត្រូវបំពេញ ដើម្បីហ្វឹកហាត់លុតដំឱ្យក្លាយជាមនុស្សល្អក្នុងសង្គម និង ក្លាយទៅជាកូនកតញ្ញូ។

 

បញ្ហាក្នុងសង្គមគ្រូសារ

សព្វថ្ងៃនេះនៅប្រទេសកម្ពុជាយើង ជួបប្រទះ នឹងបញ្ហាក្នុងគ្រួសារជាច្រើនប្រការ តែបញ្ហាដែលគេតែងតែឃើញនឹងជួបប្រទះនោះគឺបញ្ហាអំពើហឹង្សា ការដែលធ្វើឱ្យកើតអំពើហឹង្សាឡើងបណ្តាលមកពីរហេតុច្រើនប្រការៈ

.ខ្វះគុណធម៌ក្នុងការគ្រប់គ្រងផ្ទះ មិនមានភាពស្មោះត្រង់រវាងស្វាមី   និងភរិយាមិនមានភាពឆ្អែតឆ្អន់ នឹង កាមតណ្ហាធ្វើឱ្យប្តីប្រច័ណ្ឌប្រពន្ធ ប្រពន្ធប្រច័ណ្ឌប្តី ឬ បញ្ហាកើតឡើងដោយសារការប្រព្រឹត្តអបាយមុខ មានល្បែងស្រាស្រីជាដើម។

.ខ្វះការសិក្សា  បានន័យថានៅក្នុងគ្រួសារយើងសមាជិកខ្វះការសិក្សាមានការសិក្សាបន្តិចបន្ទូច     ចំណេះដឹងមិនទូលំទូលាយ ធ្វើឱ្យមានការសម្រេចចិត្តធ្វើអ្វីមួយខ្វះការពិចារណាយ៉ាងល្អិតល្អន់ ខ្វះហេតុផល មិនគិតពីផលវិបាក ដែលតាមមកយើងតែងតែសង្កេតឃើញថាអំពើហឹង្សាភាគច្រើនកើតមានតែក្នុងគ្រួសារដែលសមាជិកមានចំណេះដឹងតិចឬការសិក្សាទាប

.ភាពក្រីក្រ   ភាពខ្វះខាតក្នុងគ្រួសារជាហេតុនៃអំពើហឹង្សាព្រោះថា គ្រួសារដែលមានជីវភាពក្រលំបាកធ្វើឱ្យឱកាសនៃការសិក្សារបស់សមាជិកមានតិចតួចណាស់កាលបើគ្មានចំណេះដឹងគ្រប់គ្រាន់ទេ ការចិញ្ចឹមជីវិតរមែងជូបបញ្ហាហើយ   មិនអាចដោះស្រាយដោយសតិបញ្ញាឱ្យបានផលល្អឡើយ នោះធ្វើឱ្យជីវិតកាន់តែធ្លាក់ចុះជាលំដាប់។

.សមាជិកគ្រួសារមិនយល់តួនាទីរបស់ខ្លូន  គ្រួសារខ្លះកូនធ្វើតួនាទីជាឪពុកៗបំពេញតួនាទីជាកូនជាដើម នេះជាហេតុធំមួយក្នុងគ្រួសារការមិនយល់ពីតួនាទីរបស់ខ្លួននាំឱ្យកើតបញ្ហាក្នុងការបំពេញតួនាទីរបស់សមាជិក រីឯការងារក៏មិនបានសម្រេចផលតាមទិសដៅដែលតាំងទុក បញ្ហាមួយទៀត គឺនាំឱ្យកើតការមិនគោរពសិទ្ធិរវាងគ្នាជាហេតុដែលនាំឱ្យកើតអសីលធម៌ក្នុងគ្រួសារ នេះជាហេតុនៃអំពើហឹង្សាក្នុងគ្រួសារ។

 

ការកសាងគ្រួសារ

ការកសាងគ្រួសារនេះអាចនិយាយដោយសរុបបានថា វាកើតឡើងដោយសារតែតម្រូវការរបស់មនុស្ស ជាពិសេសមនុស្សចង់បន្តរពូជពង្សវង្សត្រកូលរបស់ខ្លួន ចងឱ្យបុត្រធីតាមានសេចក្តីសុខ និងភាពកក់ក្តៅដែលកើតចេញពីភាពស្និទ្ធស្នាលដោយការរួមរស់ជាមួយគ្នា ។

           ការដែលមនុស្សរស់នៅជាមួយគ្នាជាគ្រួសារនោះ ត្រូវឆ្លងកាត់ពិធីរៀបអាពាហ៍ពិពាហ៍ជាមុនសិន មុនពេលបុរសនិងស្ត្រី រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ។ ដោយសិក្សាពីចរិតលក្ខណៈនិស្ស័យរវាងគ្នាទៅវិញទៅមក ដើម្បីឱ្យស្គាល់ចិត្តឱ្យយល់ពី

ទស្សនៈនិស្ស័យតម្លៃននិយមនិងគុណធម៌ផ្សេងៗតាមដែលគេត្រូវការហើយពេញចិត្តទើបគេរៀបចំពិធីស្តីដណ្តឹងនិងរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។

គ្រួសារនិងគុណភាពសង្គម

គ្រួសារនិមួយៗ មានឪពុកម្តាយជាមេគ្រួសារ និងជាមេពុម្ព ជាគំរូ បើសិនជាមេពុម្ពមានគុណភាព សង្គមនោះរមែងមានគុណភាពដែរ ទោះបីជាយ៉ាងណាគឺមេពុម្ពស្អាតល្អមានគុណភាព អ្វីដែលកើតមកពីមេពុម្ពនោះក៏មានគុណភាពស្អាតល្អដួចមេពុម្ពដែរ។

            មេគ្រួសារល្អ គឺ មេគ្រួសារដែលមានគុណសម្បត្តិ ដែលអាចជួយ ឱ្យកើតសេចក្តីសុខ សេចក្តីចំរើនដល់សង្គម គុណសម្បត្តិដ៏ល្អរបស់មេគ្រួសារ គឺ ការដែលមានរបៀបវិន័យ មានសច្ចៈគឺ ការស្មោះត្រង់សុចរិតក្រៅពីនោះឪពុកម្តាយត្រូវតែបណ្តុះនិស្ស័យល្អៗឱ្យកូនឱ្យសេចក្តីស្រឡាញ់និងភាពកក់ក្តៅដល់សមាជិកជានិច្ច។

            គុណសម្បត្តិដ៏ល្អដែលអាចជួយឱ្យកើតមានភាពរីកចំរើនដល់សង្គមបាន អាចសាងចេញពីមេពុម្ពគឺ  បែបយ៉ាងដ៏ល្អនិងអាស្រ័យការបណ្តុះនិស្ស័យល្អៗដល់កូន និងសមាជិកគ្រួសារ ដួចខាងក្រោមនេះ

១ ការសាងរបៀបវិន័យ ច្បាប់ទំលាប់ ឪពុកម្តាយជា ឧទាហរណ៍ ជាគំរូដ៏ល្អរបស់កូន និងសមាជិកនៅក្នុងគ្រួសារ អញ្ចឹងឪពុកម្តាយត្រូតែមានរបៀបវិន័យរបស់ខ្លន្លួឱ្យល្អសមជាឧទារហណ៍ដល់កូននិងសមាជិក ដើម្បីឱ្យសមាជិក

បានឃើញនិងនាំមកបដិបត្តិតាមឬអាចកំណត់របៀបដើម្បីឱ្យសមាជិកបដិបត្តិតាមរហូតក្លាយជានិស្ស័យល្អរបស់ពួកគេ។

២ សច្ចៈ គឺភាពស្មោះត្រង់ ឪពុកម្តាយត្រូតែធ្វើជាគំរូដល់កូនបានឃើញ មិនត្រូវនិយាយកុហកបញ្ឆោត ឬមិនធ្វើតាមអ្វីដែលខ្លួនសន្យាជាមួយកូន ឧទារហណ៍ថា ឪពុកម្តាយចង់កូនរៀនពូកែប្រាប់ឱ្យកូនខំរៀនដោយសន្យាថាបើកូនរៀនប្រលងជាប់ពុកមែនិងទិញកង់ ឬ ម៉ូតូឱ្យកូនជាដើមតែនៅពេលកូនប្រលងជាប់ហើយឪបុកម្តាយមិនទិញឱ្យមិនធ្វើតាមសន្យាបែបនេះញឹកញាប់ពេលក្រោយប្រាកដជាគ្មាននណារជឿទៀតឡើយ។

.វិរិយៈ គឺ សេចក្តីឧស្សាហ៍ ព្យាយាម មិនខ្ជិលក្នុងកិច្ចការងារ អត់ធននឹងការងារ ឪពុកម្តាយ ជាគំរូរបស់កូន ត្រូវមានការព្យាយាម មិននៅទំនេរ បើទំនេរកធ្វើនេះធ្វើនោះ ឬ អានសៀវភៅ ដើម្បីបំពេញចំណេះដឹងរបស់ខ្លួនផង និងជាគំរូដ៏ល្អដល់កូនផង ។

.ការចេះនិងហ៊ានទទួលខុសត្រូវ    ឪពុកម្តាយគួរតែបង្កើតរបៀប វិន័យ និងការបែងចែកតួនាទីឱ្យសមាជិកទទួលខុសត្រូវតែរៀង ៗ ខ្លួនដើម្បីឱ្យសមាជិកហ្វឹកហាត់ខ្លួន និងចេះទទូលខុសត្រូវចំពោះការងារខ្លួនដែលត្រូវធ្វើ ។

.មេត្តា ការមានសេចក្តីអាណិតស្រឡាញ់ មានចិត្តចេះជួយអាសារទុក្ខធុរះគ្នា ឪពុកម្តាយត្រូវតែធ្វើឱ្យកូនឃើញជាតួយ៉ាង ដូចជាមានទឹកចិត្តមេត្តាចំពោះសត្វ ជួយធុរះញាតិមិត្តជិតឆ្ងាយ ការឱ្យទាន និងមិនសំដែងនូវភាពឃើញតែប្រយោជន៍របស់ខ្លួន ឱ្យកូនឃើញជាដាច់ខាត ។


-ស្ថាប័នសាសនា

            សាសនាផ្សេងៗ ដែលកើតឡើងលើលោកនេះ សុទ្ធតែកើតចេញមកពី អ្នកប្រាជ្ញ អ្នកគិត ដែលបានគិតកំណត់រូបបែប និងពាក្យអប់រំ ការបដិបត្តិផ្សេងៗ សំរាប់ឱ្យយើងបដិបត្តិតាមដោយមានទិសដៅ ដើម្បីដោះស្រាយបញ្ហាផ្សេង ៗ ជួយឱ្យមនុស្សរួចផុតពីសេចក្តីទុក្ខ បានទទួលនូវភាពកក់ក្តៅក្នុងចិត្ត ប្រាសចាកការខ្វល់ខាយព្រួយបារម្ភភ័យខ្លាចផ្សេងៗ និងជួយឱ្យមនុស្សមានសេចកទីសង្ឃឹមក្នុងជីវិតថែមទៀត អាចនិយាយបានថាសាសនាជាបទដ្ធានរបស់សង្គមមួយដែរ។

            សង្គមណាក៏ដូចជាសង្គមណាដែរ សាសនាជាបង្គោលសំរាប់បដិបត្តិក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋហើយការគោរពជឿសាសនាក៏មិនដូចគ្នាដែរ ទើបធ្វើឱ្យការបដិបត្តិពិធីកម្មខាងសាសនាមិនដូចគ្នា សង្គមខ្លះគោរពជឿលើអទិទេព សាសនាខ្លះគោរពជឿលើសាសនាដែលមនុស្សជាអ្នកបង្កើត ព្រោះជឿថាមនុស្សជាសត្វប្រសើបំផុតលើលោកនេះ។

តួនាទីរបស់សាសនា

            មនុស្សសាងលទ្ធិ ជំនឿ និង សាសនាដោយមានបំណងដើម្បីជួយកែបញ្ហាផ្សេងៗ និង តបស្នងតាមតំរូវការ នៃការចិញ្ចឹមជីវិត ទាំងជីវិតផ្ទាល់ខ្លួន និង ប្រយោជន៍សង្គមរួម ហេតុនោះតួនាទីរបស់សាសនា បែងចែកជាពីរ គឺ មានតួនាទីចំពោះបុគ្គល និង តួនាទីចំពោះសង្គម។

 តួនាទីចំពោះបុគ្គល 

            -ជាបច្ច័យមួយជួយឱ្យបុគ្គល មានសេចក្តីសុខស្ងប់ខាងផ្លូវចិត្តនិងិ ធ្វើឱ្យបុគ្គលមានសុខភាពចិត្តល្អរឹងមាំ នឹង នាំឱ្យសុខភាពកាយរបស់បុគ្គលល្អផងដែរ ព្រោះសុខភាពកាយអាស្រ័យសុខភាពចិត្ត ។

            -ធ្វើឱ្យបុគ្គលមានអារម្មណ៍ល្អ មានសតិរឹងមាំជានិច្ចប្រាស់ចាកសេចក្តីភ័យខ្លាច និង វិបត្តិទាំងពួង។

            -សាសនាជួយផ្តល់កំលាំងចិត្ត ធ្វើឱ្យមនុស្សមានកំលាំងចិត្តជឿជាក់លើខ្លួនឯងថាមានអ្នកជួយតាមថែរក្សាជានិច្ចជាបច្ច័យមួយដែលអាចជួយឱ្យការធ្វើការងារបានសម្រេច និងមានឱកាសយកឈ្នះលើឧបសគ្គទាំងពួងបាន។

            -ជាបច្ច័យជួយឱ្យការចិញ្ចឹមជីវិត របស់បុ់គ្គលកាន់តែមានរបៀបវិន័យ និងមានគុណភាពល្អឡើងមានឱកាសជួបនូវក្តីសម្រេច។

តួនាទីរបស់សាសនាមានចំពោះសង្គម

            សាសនាមាននាទីសំខាន់ក្នុងការការពារ និងកំណត់សីលធម៌ សង្គម

            -ជាកំលាំងជួយក្នុងការចាត់ចែងរបៀបវិន័យ និង សីលធម៌សង្គម ដោយសមាជិករបស់សង្គមបដិបត្តិតាមគោលធម៌ គឺ តាមឱវាទ ការអប់រំរបស់សាសនាដែលបានណែនាំឱ្យបដិបត្តិ។

-ជាស្ថាប័នសាងតម្លៃនិយម បទដ្ឋានសង្គម និងជួយឱ្យស្ថាប័នគ្រួសារ និង ស្ថាប័នគ្រប់គ្រងបំពេញតួនាទីរួមគ្នាយ៉ាងរឹងមាំថែមទៀត។                  

            -តួនាទីក្នុងការចងភ្ជាប់សង្គមឱ្យក្លាយជាធ្លុងមួយ មានភាពសាមគ្គីដោយសមាជិកប្រកាន់យក ឬ បដិបត្តិតាមគោលធម៌ គឺ ឱវាទរបស់សាសនាដូចគ្នា ធ្វើឱ្យពលរដ្ឋក្នុងសង្គមរួមសាមគ្គីគ្នាយ៉ាងស្អិតរមួត ម៉្យាងទៀត គ្រប់សាសនាកើតឡើងក្នុងគោលបំណង គឺសេចក្តីសុខ សន្តិសុខ កំចាត់ទុក្ខភ័យឱ្យប្រជាជន ទើបធ្វើឱ្យសង្គមអាចរួមរស់ជាមួយគ្នាបានដោយភាពសុខសាន្ត។

សម្ព័ន្ធភាពរវាងមនុស្ស និង សាសនា

            .ជួយបណ្តុះគ្រឹះនៃសេចក្តីចំរើនដល់សង្គម ដូចជាការផ្តល់នូវការសិក្សាអប់រំ វិជ្ជាជីវៈសុខាភិបាលពេទ្យ និង ការគ្រប់គ្រងជាដើម ។

            .ជួយលើកស្ទយ្ទួសង្គមឱ្យមានភាពរឹងមាំ ជួយបន្ថយ និង កំចាត់បញ្ហាសង្គម។

            .ជួយឱ្យការគ្រប់គ្រងមានភាពងាយស្រួល ដោយសារតែពលរដ្ឋបដិបត្តិតាមគោលធម៌ របស់សាសនា។


ព្រះពុទ្ធសាសនា

 

 

            សាសនាគ្រប់សាសនាដែលមានក្នុងលោកនេះ មានគោលបំណង និង តួនាទី ដូចគ្នាគឺដើម្បីឱ្យកើតសទ្ធា (ជំនឿ)ការជឿដល់បរិស័ទ។ តួនាទីអប់រំមនុស្សឱ្យក្លាយទៅជាមនុស្សល្អ ដូចគ្នាតែវិធីសាស្ត្រក្នុងការផ្សព្វផ្សាយ និងពាក្យប្រៀនប្រដៅរបស់សាសនាទាំងនោះមានលក្ខណៈផ្សេង ៗ គ្នា ដោយសង្គមខ្មែរយើងមានជំនឿជឿ និង គោរពព្រះពុទ្ធសាសនា ទើបធ្វើឱ្យស្ថាប័នព្រះពុទ្ធសាសនាមានសារសំខាន់ទៅលើវិថីជីវិតប្រជាជនខ្មែរ ដែលមិនអាចបោះបង់ចោល។ ក្នុងអត្ថបទនេះសូមលើកយកស្ថាប័ន ព្រះពុទ្ធសាសនាមួយប៉ុណ្ណោះមកវែកញែក។            អ្វីទៅដែលហៅថាព្រះពុទ្ធសាសនា? មានសារៈសំខាន់យ៉ាងណាជាមួយសង្គមខ្មែរ!!!

ពាក្យថាពុទ្ធសាសនាមកពី ពុទ្ធ និង សាសនា ពាក្យថា ពុទ្ធ ប្រែថា ដឹង ត្រាស់ដឹង ឈ្វេងយល់ ពាក្យថា សាសនា ប្រែថា ផ្តាំផ្ញើឱ្យឱវាទ ប្រៀនប្រដៅ រួមពាក្យទាំងពីនេះបញ្ចូលគ្នា គឺ ព្រះពុទ្ធសាសនា បានន័យថា ពាក្យផ្តាំផ្ញើ ពាក្យប្រៀនប្រដៅរបស់អ្នកត្រាស់ដឹង។

ឱវាទរបស់ព្រះពទ្ធសាសនា

ព្រះពុទ្ធសាសនាអប់រំឱ្យបរិស័ទ មានសទ្ធាលើសាសនារបស់ខ្លួនយ៉ាងមានហេតុផលសមរម្យ គឺ ឱ្យបរិស័ទបានវែកញែកពិចារណានូវហេតុផលឱ្យបានច្បាស់លាស់និង បដិបត្តិតាមលុះឃើញថាមានហេតុផលសមរម្យ ទើបឱ្យជឿដូចជា ព្រះពុទ្ធសាសនាអប់រំឱ្យជឿលើច្បាប់នៃកម្ម គឺ បុគ្គលធ្វើកម្មអ្វីរមែងបានទទួលផលរបស់កម្មនោះ យ៉ាងពិតប្រាកដមិនយូរក៏ឆាប់ មិនតែប៉ុណ្ណោះ នៅមានខហាមប្រព្រឹត្ត ដែលហោថៅសាលី ៥ នោះ គឺ  ហាមសម្លាប់សត្វ ១ ហាមលួចទ្រព្យ អ្នកដទៃ ១ ហាមប្រព្រឹត្តិខុសក្នុងកាម១ ហាមនិយាយកុហក១ និងហាមសេពនូវគ្រឿងស្រវឹង១ ទាំង ៥ នេះជាខ ហាម

             ព្រោះការប្រព្រឹត្តិនូអំពើទាំងនេះ នឹងមិនកើតប្រយោជន៍ដល់ខ្លួន និងសង្គមរួមឡើយ មាតែការកើតទុក្ខ និង ទោសដល់សង្គមក៏ដូចជាខ្លួនឯងតែប៉ុណ្ណោះតែព្រះអង្គអោយយើងបដិបត្តិតាមធម៌៥ គឺត្រូវមានមេត្តា ករុណាដល់សត្វទាំងពួង១ មានការចិញ្ចឹមជីវិតតាមសម្មាអាជីវៈ ១ មានការសង្រួមក្នុងកាម ១ មានសច្ចៈរវាងគ្នា ១ និងមានសតិ ក្នុងការគិត និយាយ និងិ ធ្វើ ១ ទាំង ៥ ខ នេះបើបុគ្គលមាននៅក្នុងខ្លួន ហើយនឹងនាំតែប្រយោជន៍សុខដល់ខ្លួន និង សង្គមជាមិនខាន ។

អង្គប្រកបរបស់ព្រះពុទ្ធសាសនា

            .វត្តអារាម  វត្តគឺជាទីអារាមសំរាប់ប្រជាជន ពុទ្ធបរិស័ទមកគោរពសក្ការៈបូជា និងប្រជុំគ្នាដើម្បីធ្វើកិច្ចកម្មផ្សេង ៗ ទាំងពិធីកម្មរបស់សាសនា ទាំងការមកប្រជុំកិច្ចការងាររបស់រាជការ និយាយខ្លី វត្តគឺជាមជ្ឃមណ្ឌលរបស់ប្រជាជនខ្មែរ ទាំងនេះ

ក៏ដោយសាតែសង្គមខ្មែរយើងយកវត្តធ្វើជា។

.មណ្ឌលសិក្សាឬសាលារៀន  វត្តគឺទីកន្លែងសិក្សាមួយដែលឱ្យចំណេះដឹងដល់ប្រជាជនគ្រប់ជាន់ថ្នាក់ គ្រប់វណ្ណៈ មិនថាអ្នកមានឬក្រឡើយ សព្វថ្ងៃយើងសង្កេតឃើញប្រជាជនក្រីក្រ ដែលមិនមានលទ្ធភាពរៀននៅសាលារដ្ឋ ឬ សាលាឯកជន បានដូលមក

ស្នាក់នៅវត្តដើម្បីបួសរៀនទាំងផ្លូវសាសនា  និង  ផ្លូវលោក ហើយក៏មានមិនតិចដែរ ដែលយកវត្តធ្វើជាផ្ទះសំណាក់ ដើម្បីស្នាក់រៀនសូត្រនៅទីក្រុង ។

.មន្ទីរពេទ្យ  ពីដើមមណ្ឌលព្យាបាលរបស់អ្នកជំងឺស្ថិតនៅក្នុងវត្ត អ្នកស្រុកបានយកវត្តធ្វើជាមន្ទីរពេទ្យដើម្បីរក្សាព្យាបាលជំងឺដោយមានព្រះសង្ឃជាអ្នកព្យាបាល  និង ជួយមើលថែរក្សាជំងឺគ្រប់បែបយ៉ាងការព្យាបាលជំងឺនាសម័យនោះប្រើឱសថបូរាណខ្មែរ ជាចម្បងក្នុងការរក្សាព្យាបាល ថែមទាំងអាចព្យាបាជំងឺផ្នែកផ្លូវចិត្តបានទៀតផងដោយប្រើឱសថគឺព្រះធម៌។

.បណ្ណាល័យ វត្តគឺជាមណ្ឌលសិក្សាស្រាវជ្រាវរបស់ប្រជាជនដ៏សំខាន់ ព្រោះវត្តបានរួបរួមឯកសារ ច្បាប់ក្បួនសៀវភៅ គ្រប់បែបយ៉ាង។

            .មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ  វត្ត គឺជាមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដ៏សំខាន់មួយរស់អ្នកស្រុក ដូចជាជាងផ្ទះ ជាងតុ ជាងទូ ជាងកំបោរ...ជាដើម។

            .ឧទ្យានកំសាន្ត  វត្តគឺជារមណីយដ្ឋានសំរាប់លំហែកាយរបស់ជនទូទៅ ដែលត្រូវការនូវភាពស្ងប់ស្ងៀម។

តួនាទីរបស់វត្តចំពោះអ្នកស្រុក ពុទ្ធបរិស័ទៈ

            វត្តមានតួនាទីច្រើនយ៉ាងជាមួយអ្នកស្រុក ព្រោះថា វត្តមិនអាចនៅដាច់ដោយឡែកពីពុទ្ធបរិស័ទបានទេ

វត្ត និង ពុទ្ធបរិស័ទត្រូវតែអាស្រ័យគ្នាទៅវិញទៅមកតើវត្តមានតួនាទីអ្វីខ្លះ?

          ក-តួនាទីឱ្យចំណេះដឹង តួនាទីការឱ្យចំណេះដឹងនេះជាតួនាទីសំខាន់របស់វត្ត បុគ្គលដែលចូលមកនៅក្នុងវត្តតែទទួលចំណេះ ឬ ការសិក្សាពីវត្តជាមិនខាន ចំណេះដឹងដែលទទួលពីវត្តមានច្រើនរូបែបដួចជាចំណេះដឹងផ្នែកជំនាញការ គ្រប់គ្នាដែលចូលមកនៅក្នុងវត្តត្រូវតែទទួលចំណេះដឹង​នេះ​គ្រប់គ្នាៗ ចំណេះដឹង​ផ្នែកជំនាញការ​មានដូចជា អក្សរសាស្ត្រ ចំណេះដឹងទូទៅ វិជ្ជាជីវ​ផ្សេងៗ ជាដើម។

        ចំណេះដឹងផ្នែកសុជីវធម៌ចរិយាធម៌ៈ មានរបៀប​វិន័យ​របស់​​បុគ្គល​​ម្នាក់ៗ សំខាន់វត្តមាន​តួនាទីក្នុង​ការបណ្ដុះ​និស្ស័យ​ ឲ្យ​ពលរដ្ឋ​ មានរបៀបវិន័យ​របស់​ខ្លួន​ក្នុងការ​ចិញ្ចឹម​ជីវិត​ក្នុងសង្គម​រួមគ្នា។

ចំណេះដឹងរបៀបការចិញ្ចឹមជីវិតៈ                វត្តជា​គំរូ​វិថី​ជីវិត​របស់​អ្នក​ស្រុក​ វត្តគឺ​ជា​បែប​យ៉ាង​ដ៏​ល្អ​ក្នុងការ​ចិញ្ចឹម​ជីវិត​ដែលមាន​សុភមង្គល វត្ត​បង្រៀន​អប់រំ​របៀ​ប​ការ​គ្រប់​គ្រង​ផ្ទះសំបែង ភាព​ជាអ្នក​ដឹកនាំ​ឆ្ពោះ​ទៅ​រកផ្លូវ​នៃ​សេច​ក្ដី​សំរេច​ប្រយោជន៍​ផ្សេង។

អប់រំឲ្យ​ចេះ​សំអាត​ចិត្ត​របស់​ខ្លួន​ឲ្យ​បរិសុទ្ធ​ជានិច្ច​ សចិត្តបរិយោ​ទ​បនំ ចិត្តបរិសុទ្ធ​គឺចិត្តដែល​ប្រាសចាក​គ្រឿង​សៅហ្មង​ទាំងឡាយ​មាន លោភៈ ទោសៈ​ មោហៈ ជាដើម​ ព្រោះថា​បើចិត្ត​របស់​ខ្លួន​នៅមាន​គ្រឿង​សៅហ្មង​ទាំង​ ៣ នេះ​ជីវិត​គ្មាន​ក្ដី​សុខឡើយ។​

-

តួនាទី​ព្យាបាលជំងឺ វត្ថុ​ព្យាបាល​ជំងឺ ២ យ៉ាង​គឺៈ

          -ជំងឺ​ផ្លូវកាយ បានដល់​ ជំងឺ​ឬ​មេរោគ ដែលកើត​នៅលើ​រូបរាងកាយ​ ដែលរក្សា​ព្យាបាល​ដោយ​ប្រើ​វិ ធី​រក្សា​ទាំង​ លេប ទាំង​ផឹក ជាដើម។

          -ជំងឺផ្លូវចិត្ត ជំងឺ​ផ្លូវចិត្ត​នៅទីនេះ​ បានដល់​ចិត្ត​មិន​ប្រក្រតី​ ចិត្ត​រវើរវាយ ចិត្ត​គ្មាន​ក្ដី​សុខ​ ចិត្ត​ខ្វល់​ខ្វាយ ចិត្ត​មិន​បរិសុទ្ធ​ជា​ដើម ជំងឺ​ទីនេះ​រក្សាដោយ​ឱសថ​ទិព្វ​គឺ ព្រះធម៌។

-តួនាទី​សាង​សាមគ្គី​ភាព វត្ត​តែង​តែ​ធ្វើ​តួនាទី​ឲ្យ​អ្នក​ស្រុក​និង​អ្នក​ស្រុក​ប្រមូល​ផ្ដុំ​​ជួប​ ជុំ​គ្នា​ក្នុង​ពេល​មាន​ពិធី​អ្វី​មួយ​ ធ្វើ​ឲ្យ​អ្នក​ស្រុក​មាន​ទំនាក់​ទំនង​ល្អ​និង​គ្នា និង​មាន​សាមគ្គី​ភាព​ល្អរវាង​គ្នា។

ឃ-​ជា​កន្លែង​ជួយសង្គ្រោះ​មនុស្ស​ក្រី​ក្រ ជា​កន្លែង​ស្នាក់​អាស្រ័យ​សម្រាប់​អ្នក​ដើរ​ផ្លូវ​ ឬ​អ្នក​ដែល​ជួប​គ្រោះ​មហន្តរាយ​ដូច​ជា​ទឹក​ជំនន់​ជា​ដើម​ និង​ជា​កន្លែង​ជួយ​សង្គ្រោះ​និស្សិត​ដែល​ខ្វះ​ទី​ស្នាក់​អាស្រ័យ​បាន​ស្នាក់ ​អា​ស្រ័យ​នៅ​សិក្សា​បន្ត ។ល។

ង-ជា​កន្លែង​កាត់ក្ដី គឺ​ព្រះសង្ឃ​ធ្វើ​តួ​នាទី​ក្នុងការ​សម្របសម្រួល​​ជំលោះផ្សេងៗ​ ដោយ​ប្រជា​ជន​ខ្មែរយើង​ជឿ​ជាក់​លើ​ព្រះសង្ឃ​ ហើយ​ព្រះសង្ឃ​អាច​ទំលុះ​ទំ​លាយ​ភាព​ទាល់​ច្រក​នៃ​ជំលោះ​នោះ​បានយ៉ាង​មាន​ ប្រសិទ្ធិភាព។

ច-​ជា​កន្លែង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កិច្ច​ការ​ប្រទេ​សជាតិ​ ដូចជា ធ្វើ​ជា​ទី​ស្នាក់​ការ​បោះ​ឆ្នោត ជា​កន្លែង ចាត់​ប្រជុំ ផ្សព្វ​ផ្សាយ និង​ជា​កន្លែង​ធ្វើកិច្ច​ការ​ផ្សេងៗ ទៀត​របស់​រាជការ។

តួនាទី​របស់​អ្នក​ស្រុក​ ឬ ពុទ្ធ​បរិស័ទ​ចំពោះ​វត្ត

១-ដោយសារ ​តែ​វត្ត​បាន​បំ​ពេញ​តួនាទី​ច្រើន​យ៉ាង​ជា​ប្រយោជន៍​ដល់​អ្នក​ស្រុក និង​ប្រយោជន៍​រួម​ដូច​ជា​បាន​ពោល​រួ​ច​មក​ហើយ​ វត្ត​មិន​អាច​នៅ​ដាច់​ដោយ​ឡែក​បានទេ រី​ឯ​អ្នក​ស្រុក​វិញ​ក៏​មិន​អាច​នៅ​ដាច់​ដោយ​ឡែក​បាន​ដែរ ដូច្នេះ​អ្នក​ស្រុក​មាន​តួ​នាទី​ដូច​តទៅៈ

-​ជួយ​ទំនុក​បំរុង​ឧបត្ថម្ភ​ឲ្យ​វត្ត​ចំរើន​រុង​រឿង។

-​ជួយ​ថែរក្សា​អនាម័យ​វត្ត​ឲ្យ​បាន​ស្អាត​ជា​និច្ច។

-​រក្សា​នូវ​អរិយធម៌​និង​វប្បធម៌​ល្អៗ

-​ថែ​រក្សា​លើកស្ទួយ​ឲ្យ​គង់​វង់។

-គោរព​បូជា​ដោយ​សេចក្ដី​គោរព។

២- ព្រះធម៌ ​ គឺ​ពាក្យប្រៀន​ប្រដៅរបស់​អង្គ​ព្រះ​សម្មាសម្ពុទ្ធ​ជា​ព្រះ​បរម​គ្រូនៃ​យើង​ ទ្រង់​អប់រំ​បរិស័ទ​មិន​ឲ្យ​ធ្វើ​បាប​ទាំង​ពួង​ ១ ឲ្យ​បំពេញ​នូវ​កុសល​ទាំងពួង ១ និង​ជំរះ​ចិត្ត​របស់​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ ផុតចាក​គ្រឿង​សៅ​ហ្មង ១ នេះ​ជាពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះអង្គ​ដោយ​សង្ខេប។

៣-សាវ័ក​របស់​ព្រះសាសនា មានព្រះភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។

៤-ពិធីកម្មខាងសាសនា មាន​ពិធី​បុណ្យ​វិសាខបូជា មាឃ​បូជា អាសាឡ្ហ​បូជា បុណ្យចូល​វស្សា ចូលវស្សា និង​បុណ្យ​កឋិន​ជា​ដើម នៅពេល​បុណ្យម្ដងៗ​ មាន​ពិធី​នមស្សការ​ព្រះរតន​ត្រ័យ​ ពិធីសមាទាន​សីល និងភត្ត​ប្រគេន​ព្រះ​ភិក្ខុ​សង្ឃ​ជា​ដើម។

បញ្ហា ចំពោះស្ថាប័នសាសនាគឺ (វត្ត) កំពុងតែជួបបញ្ហាជាច្រើន ជាពិសេសគឺបញ្ហាការជួយទំនុកបំរុងជួយលើកស្ទួយ និងថែរក្សាវត្តឱ្យស្អាតល្អ ឱ្យសមជាទីឋានដែលគួរបូជា ទាំងនេះក៏ព្រោះតែវត្តនិងបរិស័ទដើរ តួនាទីខុសតួនាទីរបស់ខ្លួន នាំឱ្យកើតបញ្ហាដូចជាៈ

១-យុវជន និងយុវនារី មិនចូលវត្តដើម្បីស្ដាប់ធម៌ បដិបត្ដិធម៌ និងប្រកបពិធីកម្មផ្សេងៗ

២-សីលធម៌របស់យុវជននិងយុវនារីធ្លាក់ចុះ

៣-ខ្វះការទំនុកបំរុងឱ្យរីកចំរើន

៤-វត្តមានសភាពស្ងាត់ មិនមានព្រះសង្ឃគង់ចាំវស្សា

 


គ-ស្ថាប័នអប់រំ

ស្ថាប័នអប់រំ ជាស្ថាប័នមួយដែលមានតួនាទីដ៏សំខាន់ក្នុងការទទួលចំពោះភាពរីកចំរើន និងស្ថេរភាពរបស់សង្គម គ្រប់សង្គមទាំងអស់សុទ្ធតែមានតួនាទីក្នុងការឱ្យចំណេះដឹង ឱ្យការសិក្សាដល់សមាជិករបស់ខ្លួន ដើម្បីឱ្យពួកគេបានយល់អំពីរបៀបវិន័យ បត់បែបរបស់សង្គមនិងស្វែងយល់ពពវិថីជីវិត ការប្រកបមុខរបរចិញ្ចិមជីវិត វប្បធម៌ អរិធម៌ ទំនៀមទំលាប់ និងប្រពៃណីរបស់សង្គមនោះ ដែលបុព្វបុរសបានសាង និងរក្សាទុកមកឱ្យតាំងពីបូរាណកាលមក។

          ពីដើមតួនាទីក្នុងការឱ្យការសិក្សាគឺជាតួនាទីរបស់ស្ថាន័នសាសនា តែក្រោយមកស្ថាប័នទាំងពីរនេះបានបន្ថយតួនាទីរបស់ខ្លួនដោយសារតែសង្គមមានភាពច្របល់កាន់តែខ្លាំងឡើងធ្វើឱ្យការចិញ្ចឹមជីវិតរបស់មនុស្សកាន់តែមានភាពលំបាកទ្វេរឡើង ទើបទុកភារៈនេះឱ្យទៅស្ថាប័នការសិក្សាជាអ្នកទទួលខុសត្រូវទាំងស្រុង។

តួនាទីរបស់ស្ថាប័នអប់រំ

          ដូចបាននិយាយពីខាងលើហើយថា សម័យបច្ចុប្បន្នសង្គមមានភាពច្របូលច្របល់ណាស់ ទើបស្ថាប័នអប់រំមានសេចក្ដីសំខាន់និងតួនាទីក្នុងការអប់រំឱ្យសមាជិករបស់មានចំណេះសឹងគ្រប់គ្រាន់ ដើម្បីនឹងចិញ្ចឹមជីវិតក្នុងសង្គមយ៉ាងមានប្រសិទ្ធិភាព និងមានតួនាទីផ្សេងៗ ជាច្រើនទៀតដែលអាចសរុបបានដូចខាងក្រោមៈ

១-មានតួនាទីអប់រំឱ្យសមាជិកយល់ដឹង    គឺឱ្យយល់ដឹងអំពីច្បាប់វិន័យ របៀប ទំនៀមទំលាប់ ប្រពៃណីនិងសីលធម៌របស់សង្គម ថែមទាំងបង្រៀនឱ្យសមាជិកមានការអភិវឌ្ឍន៍ ផ្នែកបុគ្គលិកភាពទៀតផង។

          ២-មានតួនាទីអប់រំ បង្រៀនវិជ្ជាជីវដល់សមាជិក ដើម្បីឱ្យសមាជិកមានអាជីពមុខរបរទៅតាមជំនាញរបស់ខ្លួនក្នុងការចិញ្ចឹមជីវិតរស់នៅ ដើម្បីផលិតផលទាំងផ្នែកកសិកម្ម ឧស្សាហកម្ម និងការបំរើសេវាកម្មល្អៗ កាន់តែកើនឡើង និងមានគុណភាពខ្ពស់ ក្រៅពីការអប់រំ និងបង្រៀនពីវិជ្ជាជីវដល់សមាជិក ឱ្យបានយល់ដឹងពីការប្រកបមុខរបរហើយ ស្ថាប័នការសិក្សានៅមានតួនាទីក្នុងការអភិវឌ្ឍន៍អាជីព ឬមុខរបរថ្មីៗ ដើម្បីស្នងតាម តំរូវការរបស់សង្គមដែលអភិវឌ្ឍន៍ទៅមុខ រកទីបំផុតគ្មាន។

៣-មានតួនាទីបែងចែកតំណែងនិងការដំណត់តួនាទីឱ្យដល់សមាជិក បានន័យថា នៅពេលសមាជិកបានរៀនចប់មានវិជ្ជាចំណេះដឹងផ្សេងៗ តាមសមត្ថភាពរបស់ខ្លួនក្នុងការប្រកបអាជីព ហើយសង្គមក៏នឹងបញ្ជូនឱ្យទៅធ្វើការតាមជំនាញតែរៀងៗខ្លួន។

៤-មានតួនាទីជួយបង្កើតនូវនវតកម្មថ្មីៗ ដល់សង្គម នៅពេលការសិក្សាមានការអភិវឌ្ឍន៍រីកចំរើនហើយនិងធ្វើការឱ្យកើតមានទស្សនៈគំនិតថ្មីៗ ដែលនឹងនៃរកការរកឃើញទិចណូឡូជីថ្មីៗ នឹងធ្វើការឱ្យមានការប្រឌិត និងផលិតនូវផលិតផលថ្មីៗ យ៉ាងមានប្រសិទ្ធិភាព និងគុណភាពខ្ពស់ សំរាប់បំរើតាមតំរូវការរបស់សង្គមដែលមានការអភិវឌ្ឍន៍រកទីបំផុតគ្មាន។

៥-មានតួនាទីជួយបង្រួបបង្រួមឱ្យមានសាមគ្គីភាព និងរួមគ្នាតែមួយ ដោយសារតែស្ថាប័នការសិក្សាអប់រំពន្យល់ឱ្យយល់ពីច្បាប់ទំលាប់របៀប វិន័យ និងសីលធម៌របស់សង្គមតែមួយដូចគ្នា ជាពិសេសការប្រើភាសាតែមួយ ក្នុងការទំនាក់ទំនង កាន់តែធ្វើឱ្យគេមានអារម្មណ៍ថាជាពួកតែមួយ។

៦-មានតួនាទីជួយឱ្យសមាជិកមានឋានៈក្នុងសង្គម សមាជិករបស់សង្គមមួយចំនួន តែងប្រាថ្នាចង់បានឋានៈយសសកក្នុងសង្គមជាធម្មតា ការសិក្សាជាបច្ច័យមួយដែលអាចជួយពួកគេបាន ព្រោះការសិក្សាអាចជួយឱ្យគេមានការងារល្អៗធ្វើមានកិត្ដិយស មានការទទួលស្គាល់ពីសង្គមមជ្ឈដ្ឋានរបស់ខ្លួន។

៧-មានតួនាទីជួយអភិវឌ្ឍបុគ្គលិកភាពសមាជិក ក្នុងការសិក្សាវិជ្ជាណាមួយ ឱ្យក្លាយជាជំនាញរបស់គេ ជាគុណសម្បត្តិប្រចាំខ្លួនរបស់គេទៀតផង។

៨-មានតួនាទីជួយទំនុកបំរុងរក្សា គឺមានតួនាទីរក្សានិងការពារចំណេះដឹង ទិចណូឡូជី និងវប្បធម៌ដែលជាមរត៌ករបស់សង្គមឱ្យស្ថិតស្ថេរដ៏រាបទៅ។


ឃ-ស្ថាប័នសេដ្ឋកិច្ច

ស្ថាប័នសេដ្ឋកិច្ច ជាស្ថាប័នមួយជួយតបស្នងតំរូវការរបស់បុគ្គល និងសង្គមទាំងគ្រឿងបរិភោគនិងឧបភោគ កិច្ចកម្មខាងសេដ្ឋកិច្ចមានដូចជា ការផលិត ការបរិភោគ ការដោះដូរ និងការចំណាយចែកចាយ ដោយមានការចាត់ការ និងដំណើរការ។

ទិសដៅសំខាន់របស់ស្ថាប័នសេដ្ឋកិច្ច គឺការមានស៊ីមានចុករបស់ប្រជាជន ការរស់នៅ ការចិញ្ចឹមជីវិត និងគុណភាពជីវិតរបស់ប្រជាជន ហេតុនោះទើបស្ថាប័នសេដ្ឋកិច្ចមានគ្រោងការ និងផែនការច្បាស់លាស់ដើម្បីសាងអាជីពដល់ប្រជាជនឱ្យប្រជាជនមានការងារធ្វើ មានអាជីពផ្ទាល់ខ្លួន មានគុណភាពជីវិតល្អឡើង នោះសង្គមនិងមានស្ថេរភាពគង់វង់ និងសន្តិសុខ គួរឱ្យរស់នៅ។

តួនាទីរបស់ស្ថាប័នសេដ្ឋកិច្ច

តួនាទីចំបង់របស់ស្ថាប័នសេដ្ឋកិច្ច គឺការស្វែងបច្ច័យសំរាប់ការរស់នៅរបស់ប្រជាជនដូចជា អាហារ ទីស្នាក់អាស្រ័យ គឺផ្ទះសម្បែង សំលៀកបំពាក់ និងថ្នាំសំរាប់រក្សារោគជាដើម។ ដើម្បីឱ្យបាននូវបច្ច័យទាំងអស់នោះក៏ត្រូវមានការផលិត ចែកចំណាយឱ្យបានដល់ដៃអ្នកបរិភោគគ្រប់គ្នា ដើម្បីបានបរិភោគញ៉ាំងជីវិតការរស់នៅ របស់ពួកគេមានគុណភាព អញ្ចឹងតួនាទីសំខាន់របស់ស្ថាប័នសេដ្ឋកិច្ច គឺៈ

១-ការផលិត ដោយមានការបែងចែកការងារឱ្យដល់ប្រជាជនឱ្យមានការងារធ្វើតាមជំនាញរបស់ពួកគេដែល បានរៀនចេះមក មានគ្រោងសាងច្បាស់លាស់ មានអ្នកចាត់ការ មានអ្នកចាត់ការ និងមានអ្នកស្នងនយោបាយ។

២-ការចែកចាយ រឺការចំណាយ នៅពេលផលិតបានមកជាផលិតផល គ្រឿងឧបភោគផ្សេង ឧបករណ៍ប្រើប្រាស់ផ្សេងហើយក៏ធ្វើការចែកចាយបន្តដើម្បីឱ្យបានដល់ដៃអ្នកបរិភោគ ដោយមានឈ្មួញកណ្ដាលនិងអ្នកចាត់ការជាអ្នកចាត់ចំណាយ។

៣-ការបរិភោគ គឺការប្រើប្រាស់ ផលិតផលដែលបានដើម្បីតបស្នងតម្រូវការរបស់សង្គម ដើម្បីលើកស្ថានភាពរបស់ខ្លួន ជាដើម។


ង-ស្ថាប័នគ្រប់គ្រង

ស្ថាប័នគ្រប់គ្រង ជាស្ថាប័នដែលប្រើអំណាចគ្រប់គ្រងទៅតាមច្បាប់មាត្រារបស់រដ្ឋដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីរក្សារបៀបរៀបរយរបស់សង្គម និងមានការកំណត់អធិបតេយ្យក្នុងការរស់នៅរបស់ប្រជាជនក្នុងសង្គមៗ ណាក៏ដូចជាសង្គមណាដែរ ត្រូវតែមានស្ថាប័ននេះគ្រប់សង្គម ដើម្បីកំណត់ឱ្យប្រជាជនដែលរស់នៅក្នុងសង្គមបដិបត្តិបទដ្ឋានច្បាប់ទំលាប់របស់សង្គម បើមិនដូច្នោះសង្គមនឹងគ្មានរបៀប ការដែលមានស្ថាប័ននេះមិនត្រឹមតែចង់ឱ្យប្រជាជនរស់នៅយ៉ាងសន្តិសុខតែប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងអធិបតេយ្យរបស់សង្គមទៀតផង ដើម្បីការពារភ័យអន្តរាយ ឬសង្រ្គាមផ្សេងពីក្រៅ។